ការព្យាករណ៍ និងការប្រមើល៍មើលឡើងវិញនៃស្ថិតិទេសចរ គឺជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការដាក់ចេញវិធានការយុទ្ធសាស្ត្រគន្លឹះឆ្លើយតបសមស្របនឹងស្ថានភាពជាក់ស្តែង សម្រាប់រយៈពេលខ្លី មធ្យម និង វែង
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថិតិទេសចរណ៍ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អគ្គនាយក នាយិកាវិទ្យាស្ថានជាតិទេសចរណ៍ និង លោក លោកស្រី ជានាយករង ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ នាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ១៨ រូប។

កិច្ចប្រជុំខាងលើ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ ការវិភាគ និងការព្យាករណ៍ឡើងវិញនៃចំនួនស្ថិតិទេសចរអន្តរជាតិ ក្រោយស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និង ស្ថានភាពមិនប្រាកដប្រជាខ្ពស់នៃតំបន់ និង ពិភពលោក, ការធ្វើឱ្យប្រសើរឡើងនូវវិធីសាស្ត្រប្រមូលទិន្នន័យ ព្រមទាំងវឌ្ឍនភាពនៃការរៀបចំគណនីរណបទេសចរណ៍ (Tourism Satellite Account)៕




