ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា សង្ឃឹម និងជឿជាក់ថាកិច្ចប្រជុំបន្ទាប់ រវាងយោធភូមិភាគ៤ ជាមួយយោធភូមិភាគ២(ថៃ) នឹងប្រកបដោយភាពជោគជ័យ និងសន្តិវិធី
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់ថាកិច្ចប្រជុំបន្ទាប់ រវាងយោធភូមិភាគ៤ ជាមួយយោធភូមិភាគ២(ថៃ) នឹងប្រកបដោយភាពជោគជ័យ និងសន្តិវិធី។

ការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្រោយពីមានលទ្ធផលវិជ្ជមាននៃ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគ៥ ជាមួយបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាត ប្រទេសថៃ ដោយឈរលើស្មារតីការឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញGBCកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាព។
តាមក្រសួងការពារជាតិ បានបញ្ជាក់នាថ្ងៃដដែលថា នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។
ប្រភពដដែល បានបន្តថា ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាង ជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន