ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ ក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅទីផ្សារចិន ដែលគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៣០%

    BY SOMATEY August 26, 2025
    រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ ក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅទីផ្សារចិន ដែលគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៣០%

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ ​នៅសណ្ឋគារសូហ្វីតែលភ្នំពេញភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០” និង “ពិធីបើកមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥” ដោយមានវត្តមានអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា អង្គការដៃគូអភិវឌ្ឍន៍ តំណាងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំកម្ពុជា ព្រមទាំងតំណាងសមាគម និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូប។

    លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការកោតសសើរ និងការវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា និងបានចាត់ទុកថាព្រឹត្តិការណ៏ដែលបានរៀបចំនេះ គឺជាព្រឹត្តិការណ៏នៃកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរ រវាងក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា និងអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងដៃគូរពាក់ព័ន្ធដទៃទៀត។

    តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្រស្តីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញ អង្ករកម្ពុជា ២០២៥-២០៣០” នេះ លោកជំទាវរដ្ឋមន្រ្តី បានគូសរំលេចនូវទិសដៅចម្បងៗចំនួន ៣៖

    ១. រក្សាជំហររឹងមាំរបស់កម្ពុជា លើទីផ្សារអង្ករក្រអូបសំខាន់ៗ លើទីផ្សារអន្តរជាតិ

    ២. បង្កើនការនាំចេញអង្ករសប្រណិតដោយផ្តោតលើក្រុមប្រជាជនដែលមានចំណូលមធ្យមនៅក្នុងទីផ្សារតំបន់អាស៊ី និង

    ៣. ពង្រីកឱកាសទីផ្សារឱ្យទូលាយបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ និងនាពេលអនាគត ក៏ដូចជាតាមរយៈយន្តការលទ្ធកម្មស្បៀងអាហារតាមស្ថាប័នដូចជា តាមរយៈយន្តការកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល (G2G) កម្មវិធីជំនួយស្បៀងអាហារ និងលទ្ធកម្មសន្តិសុខស្បៀងដោយអង្គការសហប្រជាជាតិនិងអង្គការមនុស្សធម៌នានា។

    លោកជំទាវរដ្ឋមន្ត្រី បន្តថា ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅទីផ្សារចិន ដែលគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៣០% ហើយ ក្នុងឆ្នាំ២០២៥ នេះ នឹងបន្តកើនឡើងថែមទៀត ដោយមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៧ ចំនួន ៥០ម៉ឺនតោន។

    នាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងនីតិកាលទី៧ នេះ ក្រសួងពាណិជ្ជកម្ម បន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការចូលរួមដោយមិនអាចខ្វះបានរបស់វិស័យឯកជន ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រនានារបស់រាជដ្ឋាភិបាល និងទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ច​​ព្រមព្រៀងកម្ពុជាជាសមាជិក។

    ​ក្នុងនោះ ​ លោកជំទាវរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ជាមួយក្រសួងពាណិជ្ជកម្មក្នុងនាមជាអាណាព្យាបាលបច្ចេកទេស ក្នុងការអនុវត្ត Çយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០È និងបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់សហព័ន្ធស្រូវអង្ករកម្ពុជា​ ក្រុមហ៊ុននាំចេញ និងភាគីពាក់ព័ន្ធ ដើម្បីជាទិសដៅការងារ សម្រាប់បន្តអនុវត្ត ដូចខាងក្រោម៖

    – ត្រូវចូលរួមប្រតិបត្តិការជំនួញ-ធុរកិច្ចស្របតាមច្បាប់ជាធរមាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ប្រកប ដោយតម្លាភាព ផ្គត់ផ្គង់អង្ករដែលមានលក្ខណ:ប្រកួតប្រជែង ការពារផលប្រយោជន៍របស់ភាគី ពាក់ព័ន្ធ និងបង្កើនភាពជឿជាក់នៃអង្ករកម្ពុជានៅក្នុងទីផ្សារជាតិ និងអន្តរជាតិ

    – ត្រូវចូលរួមពង្រឹងគុណភាពអង្ករកម្ពុជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្ដង់ដាត្រឹមត្រូវ ដើម្បីរក្សា​បាន​នូវ​កេរ្ដិ៍ឈ្មោះអង្ករ​កម្ពុជា និង​និរន្តរភាព​នៃការនាំចេញ​

    – ត្រូវធានា​ជាមួយ​ភាគីអ្នកទិញ ឬតម្រូវឱ្យមានធានារ៉ាប់រង ​លើ​ការ​ធានា​គុណភាព​ម៉ាក​អង្ករ​កម្ពុជា​

    – ត្រូវបន្ថែមការប្រុងប្រយ័ត្នលើការប្រើប្រាស់សារធាតុទាំងសមស្របនិងមិនសមស្របបរិមាណលើសកំណត់ ស្របតាមបទដ្ឋាននិងស្តង់ដាររបស់ប្រទេសនាំចូល

    – បន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការចរចា​ពង្រីកទីផ្សារនាំចេញ និងការសម្រប​សម្រួល​លើ​អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីនាំអង្ករ​ចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេស៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: