ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានាធិបតីចិន គាំទ្រការរៀបចំបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់

    BY SOMATEY September 2, 2025
    ប្រធានាធិបតីចិន គាំទ្រការរៀបចំបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ប្រធានក្រុមអ្នកនាំពាក្យសម្ដេចមហាបវរធិបតី បានឱ្យដឹងថា ប្រធានាធិបតីចិន បានគាំទ្របទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រការរៀបចំបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ ដើម្បីវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៅតំបន់ព្រំដែន។

    ក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង បានសម្ដែងនូវការស្វាគមន៍ប្រកបដោយមនោសញ្ចាតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក នៅសាធារណរដ្ឋប្រជាមានិតចិន។

    ឯកឧត្តម បានបន្តថា ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ក៏បានប្រកាសអំពីជំហរនៃការគាំទ្របទឈប់បាញ់កម្ពុជា-ថៃ, គាំទ្រយន្ដការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន និងគាំទ្រឱ្យរៀបចំបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ឱ្យបានឆាប់ៗក្នុងពេលខាងមុខនេះ។

    ឯកឧត្តម បានបន្តទៀតថា ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ក៏គាំទ្រចំពោះកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាព អភិវឌ្ឍន៍ដោយម្ចាស់ការណ៍លើខ្លួនឯង និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។

    ទន្ទឹមនឹងនោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ ចំនួន២០លានយ័នដល់កម្ពុជា ដើម្បីជួយស្ដារឡើងនូវការរាល់ការខូចខាត និងជួយដល់ទុកលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ ពីការប៉ះទង្កិចប្រដាប់អាវុធកាលពីចុងខែកក្កដា កន្លងទៅ។

    ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នា ក្នុងការបន្ដពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើវិស័យអាទិភាពនានា រួមមាន វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសន្ដិសុខ ការពារជាតិជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: