គម្រោងព្រែកជីកហ្វូណនតេជោកំពុងដំណើរការ ខណៈដែលការងារលក្ខណៈបច្ចេកទេសបានត្រៀមរួចរាល់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ថ្លែងនៅក្នុងពិធីបើកវេទិកាពិភាក្សាស្តីពី ការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណន តេជោ កំណាត់ទី២ ដែលបានរៀបចំធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ នៃអនុគណៈកម្មាធិការដើម្បីដោះស្រាយផលប៉ះពាល់គម្រោងព្រែកជីកហ្វូណនតេជោ បានបញ្ជាក់ថា សម្រាប់រាល់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោរបស់រាជរដ្ឋាភិបាល គិតចាប់តាំងពីអាណត្តិមុន ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតដល់អាណត្តិទី៧នេះ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងមានការយកចិត្តទុកដាក់គិតគូរយ៉ាងច្បាស់លាស់ និងលម្អិតបំផុតទាំងការងារបច្ចេកទេស និងការដោះស្រាយផលប៉ះពាល់នៃគម្រោងនវ មុនពេលចាប់ផ្តើមដាក់គ្រឿងចក្រចូល។ លោករដ្ឋលេខាធិការបានបន្តថា យ៉ាងណាមិញគម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោនេះ សម្តេចតេជោ និងសម្តេចធីបតី លោកបានយកចិត្តទុកដាក់ និងខិតខំយ៉ាងខ្លាំងធ្វើយ៉ាងណាឱ្យគម្រោងប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ការសាងសង់តាមកាលកំណត់។

ជាមួយគ្នានេះដែរ លោក អ៊ឹម សុទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ដែរថា ដោយមានការសហការល្អពីក្រសួងជំនាញពាក់ព័ន្ធ អាជ្ញាធរខេត្តទាំងបួន បានធ្វើឱ្យដំណើរការនៃគម្រោងសាងសង់ព្រែកជីហ្វូណតេជោ បានបោះជំហានទៅមុខតាមនិតិវិធី និងលក្ខណៈបច្ចេកទេស។ ហើយចាប់ពីថ្ងៃទៅបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ មកដល់បច្ចុប្បន្ន អាចនិយាយបានថា ក្រុមការងារបានត្រៀមលក្ខណៈបច្ចេកទេសរួចរាល់ ខណៈដែលកំណាត់ទី១បាននិងកំពុងដំណើរការសាងសង់ជាប្រក្រតី។
ក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងប្រវត្តិសាស្ត្រមួយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកអភិបាលខេត្តបានបន្តថា ព្រែកជីកនេះនិងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ក៏ដូចជាការបង្ករបង្កើនផលរបស់ប្រជាកសិករព្រោះព្រែកជីកនេះគឺជាផ្លូវទឹកដ៏សំខាន់សម្រាប់នាវាចរដឹកទំនិញតាមផ្លូវទឹក ការចេញចូលរបស់នាវាទេសចរណ៍ ពិសេសគឺជាផ្លូវដែលនាំប្រភពទឹកមកកាន់ខេត្តកំពត។ ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ភូមិទាំងអស់ដែលព្រែកជីឆ្លងកាត់ ត្រូវរួមសហការជាមួយក្រុមការងារជំនាញសាងសង់ឱ្យបានល្អប្រសើរបំផុត ដើម្បីពន្លឿនការសាងសង់ឱ្យបានរួចរាល់តាមពេលវេលាកំណត់។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តកំពត និង ខេត្តកែប ដែលប្រវែងប្រមាណ ១៧៤,៥គីឡូម៉ែត្រ ចែកជា២កំណាត់ កំណាត់ទី១៖ មានប្រវែង ២១គីឡូម៉ែត្រ ដោយតភ្ជាប់ពីទន្លេមេគង្គ ទៅទន្លេបាសាក់ និងកំណាត់ទី២៖ មានប្រវែង ១៥៣,៥គីឡូម៉ែត្រ តាមបណ្តោយទន្លេបាសាក់ស្ថិតក្នុងខេត្តកណ្តាលបន្តរហូតដល់ខេត្តកែប។ ដោយឡែកក្នុងភូមិសាស្ត្រខេត្តកំពត ព្រែកជីកឆ្លងកាត់ស្រុកចំនួន៣ និងឃុំចំនួន១៦ មានចម្ងាយ ៤៣គីឡូម៉ែត្រ បានបោះបង្គោលរួចរាល់ ៨០១បង្គោល ក្នុងនោះ៖ ស្រុកអង្គរជ័យ៖ មានឃុំភ្នំកុង, ឃុំមរោម, និងឃុំដើមដូង។ ស្រុកបន្ទាយមាស៖ មានឃុំបន្ទាយមាសខាងលិច, ឃុំបន្ទាយមាសខាងកើត, ឃុំត្រពាំងសាលាខាងកើត, ឃុំត្រពាំងសាលាខាងលិច, ឃុំទូកមាសខាងកើត, ឃុំទូកមាសខាងលិច, ឃុំស្ដេចគង់ខាងលិច និងឃុំស្ដេចគង់ខាងជើង។ និងស្រុកកំពង់ត្រាច៖ មានឃុំប្រាសាទភ្នំខ្យង, ឃុំដំណាក់កន្ទួតខាងជើង, ឃុំអង្គសុរភី, ឃុំកំពង់ត្រាចខាងកើត និង ឃុំកំពង់ត្រាចខាងលិច៕




ប្រភព៖ ក្រសួងព័ត៌មាន