ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាហ្រ្វិកខាងត្បូង ស្នើឱ្យបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនការដោះដូរទំនិញសក្តានុពលទៅវិញទៅមក ជាមួយកម្ពុជា នាពេលខាងមុខ

    BY SOMATEY September 5, 2025
    អាហ្រ្វិកខាងត្បូង ស្នើឱ្យបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនការដោះដូរទំនិញសក្តានុពលទៅវិញទៅមក ជាមួយកម្ពុជា នាពេលខាងមុខ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Darkey Ephriam Africa ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

    ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានទទួលស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូតយ៉ាងកក់ក្តៅ និងជម្រាបជូនអំពីភាពបំពេញបន្ថែមផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងយន្តការសំខាន់ៗមួយចំនួនដែលត្រូវអនុវត្ត សំដៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

    ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងនូវសំណើបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនការដោះដូរទំនិញសក្តានុពលទៅវិញទៅមករវាងប្រទេសទាំងពីរ នាពេលខាងមុខ ជាពិសេសការនាំចេញទំនិញកសិកម្មសក្តានុពលរបស់ខ្លួនមកកម្ពុជា រួមមាន៖ ផ្លែប៉ោម ដូង សារី និងប៊្លូបឺរីជាដើម។

    ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍លើសំណើទាំងនេះ និងស្នើភាគីទាំងពីរគួរពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំជំនួបធុរកិច្ចរវាងវិស័យឯកជន និងពិព័រណ៍ពាណិជ្ជកម្ម ជាពិសេសពាក់ព័ន្ធនឹងទំនិញអង្ករ ដែលជាតម្រូវការរបស់ភាគីអាហ្វ្រិកខាងត្បូង។

    ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតជួយផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនិងធុរកិច្ចនៅកម្ពុជា ជូនដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដើម្បីអាចទាញយកអត្ថប្រយោជន៍ពាណិជ្ជកម្មជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់និងទ្វេភាគីរបស់កម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: