ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដាក់ចេញអនុសាសន៍ ៥ចំណុច និងជំរុញការងារជ្រើសរើសមន្រ្តីថ្នាក់ក្រោមជាតិ ក្នុងកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានដាក់ចេញអនុសាសន៍ ៥ចំណុច និងជំរុញការងារជ្រើសរើសមន្រ្តីថ្នាក់ក្រោមជាតិ ក្នុងកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។

កាលពីរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងពិននិត្យទៅលើសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងកំណត់ទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំប្រព្រឹត្តនារសៀលនេះ ជារបៀបរបបប្រជុំប្រចាំខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងគោលបំណង ពិនិត្យ តាមដាននូវវឌ្ឍនភាពការងារសម្រេចបាន និងបន្តវាយតម្លៃលទ្ធផលការងារដែលបានកំណត់ និងផ្សព្វផ្សាយទិសដៅការងារនានា សម្រាប់អនុវត្តការងារបន្ត ដោយមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈដោយផ្ទាល់ និងថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរមុខងារសាធារណៈទូទាំងប្រទេស តាមប្រព័ន្ធប្រជុំអនឡាញ។
ក្រោយពីបានស្តាប់វឌ្ឍនភាពការងារប្រចាំខែ កិច្ចប្រជុំក៏បានពិភាក្សាបន្ថែមទៀត ទៅលើការងារថ្មិៗដែលសម្រេចបានចំពោះមុខ ជាពិសេសការងារជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងការជ្រើសរើសមន្ត្រីសម្រាប់បម្រើការងារនៅថ្នាក់ក្រោមជាតិ។ ជាការចូលរួម ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានលើកឡើងអំពីការគិតគូរការងារជាអាទិភាពរបស់រាជរដ្ឋាភិបាល ទៅលើការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី ដែលក្នុងពេលបច្ចុប្បន្នការជ្រើសរើសមន្ត្រីនៅថ្នាក់ក្រោមជាតិ មានចំនួនច្រើនជាងការជ្រើសរើសមន្ត្រីឱ្យបម្រើការងារនៅថ្នាក់ជាតិ។ ក្នុងនោះ ឯកឧត្តមក៏បានលើកឡើងអំពីការជ្រើសរើសមន្ត្រីកសិកម្មឃុំ ការជ្រើសរើសមន្ត្រីបច្ចេកទេសសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីបម្រើការងារនៅមណ្ឌលសុខាភិបាលនៅទូទាំងប្រទេស ក៏ដូចជាការជ្រើសរើសគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់គោលដៅចំនួន ៥ខេត្ត ដែលទើបតែបញ្ចប់ក្នុងពេលថ្មីៗនេះ។
តាមរយៈការពិភាក្សាទៅលើការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីថ្នាក់ក្រោមជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានណែនាំជាគោលការណ៍បន្ថែមទៀត ជាពិសេសក៏បានណែនាំទៅដល់ប្រធានមន្ទីរមុខងារសាធារណៈទូទាំងប្រទេស ក្នុងការចូលរួមសហការ និងសម្របសម្រួលនីតិវិធីនានា ក៏ដូចជាការរៀបចំបែបបទជូនដល់មន្ត្រីថ្មី ជាពិសេសធ្វើយ៉ាងណាឱ្យការបើកប្រាក់បៀវត្ស ជូនទៅដល់ពួកគាត់បានឆាប់រហ័ស និងបានសម្របសម្រួល ក្នុងការបំពេញការងារផ្សេងៗទៀតតាមគោលដៅ របស់បណ្តាខេត្តនីមួយៗ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍ចំនួន ៥ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់សម្រាប់ការងារឆ្ពោះទៅមុខ ដូចជាការរៀបចំបែបបទជូនទៅដល់មន្ត្រីថ្មី, ការរៀបចំកិច្ចប្រជុំ ACCSM ACCSM+3 ការងារជំរឿនមន្ត្រី, ការរៀបចំអនុក្រឹត្យស្តីពី «ការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន» ក៏ដូចជា ការរៀបចំការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យកាន់តែមុតស្រួច ជាពិសេសការកែទម្រង់ផ្ទៃក្នុងរបស់ក្រសួងមុខងារសាធារណៈ បន្ថែមទៀតផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន