ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងឧស្សាហកម្ម លើកទឹកចិត្តឱ្យអតិថិជនប្រើប្រាស់ជំរើស ដោយទិញតែផលិតផល ដែលមានស្លាកច.ប.ផ.

    BY soknita October 31, 2025
    ក្រសួងឧស្សាហកម្ម លើកទឹកចិត្តឱ្យអតិថិជនប្រើប្រាស់ជំរើស ដោយទិញតែផលិតផល ដែលមានស្លាកច.ប.ផ.

    យោងតាមការចេញផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗនេះបានលើកទឹកចិត្ត ឱ្យអតិថិជនប្រើប្រាស់អំណាចទិញរបស់ខ្លួន ដោយប្រើប្រាស់តែផលិតផលដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីជំរុញឱ្យអ្នកផលិត ត្រូវទៅចុះបញ្ជីផលិតផល អោយបានត្រឹមត្រូវ។

    ទន្ទឹមនេះក្រសួងឧស្សាហកម្មបានលើកទឹកចិត្តអោយម្ចាស់ផលិតកម្មក្នុងស្រុកមកចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ។

    សូមបញ្ជាក់ថា ការចុះបញ្ជីផលិតផលគឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល។ នេះគឺជាយុទ្ធនាការដែលនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ ២០២៦ ដោយផ្តល់ជូនការបញ្ចុះ តម្លៃរួមជាមួយនិងការបន្ធូរបន្ថយលក្ខខណ្ឌ។

    ក្រសួងបានសម្រួលនីតិវិធី ដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំ និងកាត់បន្ថយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. មកនៅត្រឹម ៥ ថ្ងៃនៃថ្ងៃធ្វើការក្នុងករណីដែលមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់។

    ទន្ទឹមនេះក្រសួងបានសម្រេចអនុវត្តសម្រាប់សហគ្រាសផលិត ដែលចុះបញ្ជីផលិតផល ច្រើនមុខក្នុងពេលតែមួយ នឹងទទួលបានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ ១០ភាគរយ សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩ មុខ ១៥ភាគរយ សម្រាប់ការចុះបញ្ជីផលិតផលពី ២០-៤៩ និង ២០ភាគរយ សម្រាប់ការចុះបញ្ជីផលិតផលលើសពី៥០មុខ ក្នុងពេលតែមួយ។

    ការរៀបចំយុទ្ធនាការនេះធ្វើឡើងស្របពេលសហគ្រាសក្នុងស្រុកចាប់ផ្តើមបង្កើនការផលិត ខណ:ថៃបានបិទព្រំដែន។ ទន្ទឹមនេះយុទ្ធនាការនេះបានកើតឡើង ជួនពេលដែលប្រជាពលរដ្ឋខ្មែរងាក មកប្រើប្រាស់ផលិតផលក្នុងស្រុក ហើយទាមទារទំនុកចិត្តពីអ្នកផលិត។

    យោងតាមក្រសួងឧស្សាហកម្ម បានអោយដឹងថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានស្តង់ដារកម្ពុជាបានចុះបញ្ជីផលិតផលបានចំនួន ៩.៥៣៥មុខ ដែលជាចំនួនតិចនៅឡើយ បើធៀបនឹងចំនួនផលិតផលដែលកំពុងចរាចរនៅលើទីផ្សារ ហើយក្រសួងកំពុងរៀបចំយន្តការបន្ថែម ដើម្បីពង្រឹងប្រព័ន្ធគុណភាពទំនិញនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: