មន្ត្រីវៀតណាមចាប់បានទីតាំងផលិតស្រោមអនាម័យក្លែងក្លាយខុសច្បាប់ បន្លំភ្នែកអ្នកប្រើ
កាលពីថ្ងៃពុធកន្លងទៅនេះ ប៉ូលីសវៀតណាមបានចាប់ខ្លួនម្ចាស់ទីតាំងផលិតស្រោមក្លែងក្លាយជាច្រើនកន្លែងនៅក្នុងទីក្រុងហូជីមិញ ហើយបានរកឃើញថា ស្រោមអនាម័យក្លែងក្លាយ និងទឹករំអិលជាច្រើនត្រូវបានផលិត និងរក្សាទុក ដែលមានតម្លៃប្រហែល ២៥៨,០០០ដុល្លារអាមេរិក។ មេខ្លោងអ្នកផលិតស្រោមអនាម័យក្លែងក្លាយឈ្មោះ Truong Chi Thanh បានសារភាពប្រាប់ប៉ូលីសថា គាត់បានផលិត និងចែកចាយស្រោមអនាម័យក្លែងក្លាយទៅបណ្តាខេត្ត និងក្រុងជាច្រើនក្នុងប្រទេសវៀតណាម។ កាលពីខែមករាលោក Thanh ក៏ត្រូវបានប៉ូលីសចាប់ខ្លួន រួមជាមួយនឹងស្រោមអនាម័យក្លែងក្លាយ និងប្រេងរំអិលជាង ១០ម៉ឺនសម្រាប់ ដើម្បីទុកជាវេចខ្ចប់ដាក់ជាយីហោពេញនិយមដូចជា៖ Durex, OK ឬ Sure។

វត្ថុធាតុដើមជាង ៦០គីឡូក្រាម ត្រូវបានគេរកឃើញផងដែរ ហើយគាត់ពិតជាបានពង្រីកប្រតិបត្តិការរបស់ខ្លួន ខណៈដែលប៉ូលិសកំពុងរៀបចំបើកការស៊ើបអង្កេតជាផ្លូវការ។ ការស្ទង់មតិដោយក្រសួងសុខាភិបាលបានបង្ហាញថា ស្រោមអនាម័យ ៨៥ភាគរយ ដែលលក់ក្នុងប្រទេសវៀតណាម មិនត្រូវបានចែកចាយដោយម៉ាកដើមឡើយ។ ក្រសួងបានព្រមានថា ប្រជាជនមានហានិភ័យខ្ពស់ក្នុងការទិញទំនិញក្លែងក្លាយ។ ជារៀងរាល់ឆ្នាំប្រជាជនវៀតណាមប្រើប្រាស់ស្រោមអនាម័យពី ៥០០ ទៅ ៦០០លាន សម្រាប់ឯណោះ។
ការស្ទង់មតិបានរកឃើញថា អ្នកទិញភាគច្រើនមានចំណាប់អារម្មណ៍លើការរចនាម៉ូដ តម្លៃ ឬក្លិនក្រអូបប៉ុណ្ណោះ ហើយយកចិត្តទុកដាក់តិចតួចចំពោះផលិតផលពិត។ យោងតាមវេជ្ជបណ្ឌិត Kristan Schoultz នាយកអង្គការ UNAIDS ប្រចាំប្រទេសវៀតណាមបានឱ្យដឹងថា ស្រោមអនាម័យក្លែងក្លាយមិនត្រូវបានធ្វើការសំលាប់មេរោគ ឬពិនិត្យក្នុងលក្ខខ័ណ្ឌណាមួយ ដែលមានលក្ខណៈវិនិច្ឆ័យទាក់ទងនឹងសីតុណ្ហភាព រយៈពេល និងសម្ពាធខ្យល់នោះទេ។ គាត់បាននិយាយថា ទោះបីជាមនុស្សប្រើវាឱ្យបានត្រឹមត្រូវក៏ដោយ ពួកគេនៅតែអាចឆ្លងមេរោគ ឬបញ្ជូនបាក់តេរីទៅកាន់ដៃគូរបស់ពួកគេបានដដែល៕


អត្ថបទ៖ លីដា
ប្រភព៖ vnexpress