លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ២៨រូប ដែលទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។

កាលពីរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ចំនួន២៨រូប មកសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំ នៅទីស្តីការក្រសួងកិច្ចការនារី។
លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរជូនចំពោះនិស្សិតទាំងអស់ ជាជ័យលាភីទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ដែលជាអាហារូបករណ៍ដ៏ប្រកួតប្រជែងមួយ ព្រមទាំងវាយតម្លៃខ្ពស់លើមុខជំនាញនិស្សិតទាំងអស់បានជ្រើសរើសដែលសុទ្ធតែជាមុខជំនាញមានសក្តានុពល និងមានតម្រូវការខ្ពស់នៅក្នុងប្រទេស។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដើម្បីអាចរួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ពេលត្រឡប់មកមាតុភូមិវិញ។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានក្រែនរំលឹកដល់និស្សិតទាំងអស់ក្នុងការរក្សាទំនាក់ទំនង និងសាមគ្គីភាពក្នុងអំឡុងពេលបំពេញការសិក្សា ក៏ដូចជាតួនាទីជាអ្នកកាទូតតំណាងប្រទេសលើឆាកអន្តរជាតិ ដែលគប្បីគួរផ្សព្វផ្សាយសិល្បៈ វប្បធម៌ អរិយ្យធម៌ ប្រពៃណី និងទំនៀមទម្លាប់កម្ពុជាទៅកាន់មិត្តបរទេស៕


ប្រភព៖ ក្រសួងព័ត៌មាន