អន្តរជាតិ

ហ្វីលីពីន ផ្តន្ទាទោសស្ត្រីចិនម្នាក់ជាមេខ្លោងក្នុងសំណុំរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត

BY
Pheakdey
November 21, 2025

ហ្វីលីពីន៖ តុលាការហ្វីលីពីនសម្រេចផ្តន្ទាទោសស្ត្រីជនជាតិចិនម្នាក់ដែលជាមេខ្លោងនៅក្នុងសំណុំរឿង ឧក្រិដ្ឋកម្មឆបោកអនឡាញ និងសកម្មភាពជួញដូរមនុស្សឱ្យជាប់ពន្ធនាគារអស់មួយជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២០ ខែវិច្ឆិកា។ ស្រ្តីចិនរូបនេះមានឈ្មោះថា Alice Guo អាយុ ៣៥ឆ្នាំ ធ្លាប់ជា Influencer ដ៏មានសក្តានុពលម្នាក់នៅលើបណ្តាញសង្គម ហើយរូបគាត់ក៏បានក្លែងបន្លំឯកសារដើម្បីទទួលបានសញ្ជាតិ​ហ្វីលីពីន​ផងដែរ។

ដោយសារតែភាពល្បីល្បាញ ស្រ្តីរូបនេះបានជាប់ឆ្នោតធ្វើជាមេឃុំ Bamban ដែលស្ថិតនៅភាគខាងជើងនៃរដ្ឋធានីម៉ានីល ចន្លោះពីឆ្នាំ២០២២ ដល់ឆ្នាំ​២០២៤។ នៅក្នុងអំឡុងពេលមានតួនាទីជាមេឃុំនោះហើយ ដែលលោកស្រី Alice Guo និងជនបរទេសជាច្រើននាក់ផ្សេងទៀត បាន​រួមដៃគ្នា​បើកបនល្បែងឆបោកអនឡាញ ​ និងធ្វើ​សកម្មភាពជួញដូរមនុស្ស ដោយមានទាំងសកម្មភាព​ឃុំឃាំង​មនុស្ស​ និងធ្វើទារុណកម្ម​បង្ខំឱ្យ​ធ្វើការ​ងារខុស​ច្បាប់​ផងដែរ។ ​ ​បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ក្នុងពេលចុះបង្រ្កាបទីតាំង​បនល្បែង​ឆបោក​អនឡាញ និង​បំបែក​សំបុក​បង្ខាំង​មនុស្ស​ខាងលើនេះ ក្រុមប៉ូលិសបានជួយសង្គ្រោះមនុស្ស​ជាង​ ៧០០ នាក់ ​​ចម្រុះ​ជាតិសាសន៍ ដូចជា ចិន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ ឥណ្ឌូណេស៊ី និង​រវ៉ាន់ដា ដែលបានរងនូវការឃុំឃាំងនិងបង្ខំ​ឱ្យធ្វើការងារខុសច្បាប់ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកស្រី Alice Guo។  ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយការចុះបង្ក្រាបពីសំណាក់អាជ្ញាធរហ្វីលីពីន លោកស្រី Alice Guo បានរត់គេចខ្លួនទៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយបន្ទាប់មកទើបអាជ្ញាធរឥណ្ឌូណេស៊ីបញ្ជូនរូបគាត់មកប្រទេសហ្វីលីពីនវិញកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ខណៈការសម្រេចផ្តន្ទាទោសរូបគាត់ទើបត្រូវបានតុលាការហ្វីលីពីនធ្វើឡើងកាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: