ស្រ្តីថៃម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញវត្ត ក្រោយគេបានប្រទះឃើញគាត់នៅមានជីវិត ខណៈគេកំពុងលើកមឈូសរបស់គាត់ទៅបូជា
ថៃ៖ ស្រ្តីជនជាតិថៃម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញវត្ត ក្រោយគេបានប្រទះឃើញរូបគាត់នៅរស់មានជីវិត ខណៈពេលដែលគេកំពុងរៀបចំបូជាគាត់ទៅហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៥ ខែវិច្ឆិកា។ ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងនៅក្នុងវត្ត Rat Prakhong Tham ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Nonthaburi នៃប្រទេសថៃ។

បើតាមលោក Pairat Soodthoop ដែលជាអ្នកគ្រប់គ្រងទូទៅ និងកិច្ចការហិរញ្ញវត្ថុនៅក្នុងវត្ត Rat Prakhong Tham បានឱ្យដឹងថា ស្រ្តីរូបនេះត្រូវបានក្រុមគ្រួសារសន្មតថា បានស្លាប់ក្រោយរូបគាត់លែងដកដង្ហើមកាលពី ២ថ្ងៃមុន ខណៈរូបគាត់ជាអ្នកជំងឺរ៉ាំរ៉ៃនិងបានដេកនៅលើគ្រែអស់រយៈពេលជាង ២ឆ្នាំមកហើយ។ នៅចំពោះស្ថានភាពបែបនេះ ក្រុមគ្រួសារបានរៀបចំដាក់ស្រ្តីនៅក្នុងមឈូស ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។ យ៉ាងណាក្តី នៅក្នុងពេលគេយកមឈូសរបស់គាត់មកដល់ក្នុងវត្ត និងកំពុងរៀបចំបូជាទៅហើយនោះ គេបានឮសំឡេងគោះស្រាលៗចេញពីក្នុងមឈូស ហើយដោយមានការសង្ស័យគេក៏បាននាំគ្នាបើកមឈូសមើល ហើយក៏ប្រទះឃើញរូបគាត់នៅរស់មានជីវិតជាធម្មតា។ ក្រោយប្រទះឃើញរូបគាត់នៅមានជីវិតដូចនេះ គេក៏បានប្រញាប់នាំគាត់ទៅមន្ទីរពេទ្យ ដើម្បីបន្តការព្យាបាលឡើងវិញផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia