មនុស្ស ៤នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ភ្លើងឆេះភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម
វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះភោជនីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៥ ខែធ្នូ។ ភោជនីយដ្ឋានដែលជាកន្លែងកើតហេតុនេះគឺជាអគារមានកម្ពស់ ៤ជាន់ និងមានទីតាំងស្ថិតនៅក្នុងទីក្រុងហូជីមិញ។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៤នាក់ រួមមានកូនក្មេងអាយុ ២ឆ្នាំម្នាក់ អាយុ ៧ឆ្នាំម្នាក់ ស្រ្តីវ័យ ៣០ឆ្នាំម្នាក់ និងស្រ្តី ៤៥ឆ្នាំម្នាក់ ដែលពួកគាត់បានស្លាប់ដោយសារតែឈ្លក់នឹងផ្សែងចេញពីអគ្គិភ័យ។ បើតាមអាជ្ញាធរវៀតណាមបានឱ្យដឹងថា ខាងអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៥០នាក់ ដើម្បីធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យ ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចដឹងពីមូលហេតុ និងអ្នកទទួលខុសក្នុងករណីនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express