ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ១១កន្លែង នៅតំបន់ភាគខាងត្បូងប្រទេសថៃ ត្រូវបានគេដាក់បំផ្ទុះគ្រាប់បែក
ថៃ៖ យ៉ាងហោចណាស់មានស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ១១ កន្លែង នៅតំបន់ភាគខាងត្បូងប្រទេសថៃ ត្រូវបានគេដាក់បំផ្ទុះគ្រាប់បែកកាលពីយប់ថ្ងៃសៅរ៍ ទី១០ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ នៅក្នុងចំណោមកន្លែងកើតហេតុទាំង ១១នោះ គឺមានស្ថានីយប្រេងឥន្ធនៈ ចំនួន ៥ កន្លែងស្ថិតនៅក្នុងខេត្តណារ៉ាធីវ៉ាត, ២កន្លែងនៅក្នុងខេត្តប៉ាតានី និង ៤កន្លែងផ្សេងទៀតស្ថិតនៅក្នុងខេត្តយ៉ាឡា។
រហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ជាផ្លូវការ អំពីតួលេខជនរងគ្រោះ និងទំហំនៃការខូចខាតនៅឡើយទេ។ បើតាមបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងថៃបានឱ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកនេះមិនមែជារឿងចៃដន្យឡើយ តែវាជាផែនការដែលក្រុមជនខិលខូចបានរៀបចំឡើងយ៉ាងច្បាស់លាស់បំផុត ដើម្បីប្រឆាំងនឹងអាជ្ញាធរថៃ។ យ៉ាងណាក្តី អាជ្ញាធរសន្តិសុខថៃកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍ និងស្វែងរកមុខក្រុមជនខិលខូចឱ្យមកទទួលខុសត្រូវតាមផ្លូវច្បាប់។ គួរកត់សម្គាល់ថា ករណីបំផ្ទុះគ្រាប់បែកនៅក្នុងតំបន់ភាគខាងត្បូងប្រទេសថៃ ពោលជាតំបន់នៅជាប់ព្រំដែនប្រទេសម៉ាឡេស៊ី បានកើតឡើងជាបន្តបន្ទាប់ ហើយគេជាទូទៅគេអាចសន្និដ្ឋានបានថា ក្រុមពលរដ្ឋឥស្លាមដែលចង់ផ្តាច់ទឹកដីពីប្រទេសថៃ គឺជាអ្នកនៅពីក្រោយរឿងរ៉ាវទាំងនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍

