មនុស្ស ២២នាក់បានបាត់បង់ជីវិត និងជាង ៣០នាក់រងរបួសក្នុងហេតុការណ៍បាក់ដងសន្ទូចនៅការដ្ឋានសំណង់ ហើយធ្លាក់មកលើរថយន្តភ្លើងមួយខ្សែ នៅប្រទេសថៃ
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២២នាក់បានស្លាត់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដងសន្ទូចនៅការដ្ឋានសាងសង់ស្ពានដែលជាផ្លូវរថភ្លើងល្បឿនលឿននៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៤ ខែមករា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមនុស្សជាង ៣០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។
បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ការដ្ឋានសាងសង់ស្ពានដែលជាផ្លូវរថភ្លើងល្បឿនលឿនខាងលើនេះមានទីតាំងស្ថិតនៅក្នុងខេត្តនគររាជសីមា ភាគភាគឦសាននៃប្រទេសថៃ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍បាក់ដងសន្ទូចបានកើតឡើងនៅម៉ោងប្រមាណជា ៩ និង ៥នាទីព្រឹកមិញនេះ ហើយដងសន្ទូចដែលបានបាក់នោះបានធ្លាក់ចំពីលើរថភ្លើងមួយខ្សែ ដែលមានទិសដៅធ្វើដំណើរចេញពីទីក្រុងបាងកកឆ្ពោះទៅកាន់ខេត្តឧបុនរ៉ាចថានី។ ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងរងរបួស គឺជាអ្នកដំណើរ ខណៈរហូតមកទល់នឹងពេលនេះអត្តសញ្ញាណលម្អិតរបស់ពួកគេនៅមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

