ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    TikTok យល់ព្រមរកស៊ីបណ្តាក់ទុនរួមគ្នាជាមួយអាមេរិក ដោយរក្សាទុកភាគហ៊ុនរបស់ខ្លួនត្រឹមតែ ១៩,៩% ប៉ុណ្ណោះ

    BY Pheakdey January 24, 2026
    TikTok យល់ព្រមរកស៊ីបណ្តាក់ទុនរួមគ្នាជាមួយអាមេរិក ដោយរក្សាទុកភាគហ៊ុនរបស់ខ្លួនត្រឹមតែ ១៩,៩% ប៉ុណ្ណោះ

    ចិន៖ នៅទីបំផុតបញ្ហាចម្រូងចម្រាសរវាងបណ្តាញសង្គម TikTok និងអាមេរិក​ បានដើរដល់ផ្លូវរួមមួយហើយ​ ដោយភាគីទាំង២ បានយល់ព្រមបន្តដំណើរការអាជីវកម្មក្នុងទម្រង់ជាការបណ្តាក់ទុនរួមគ្នា នេះបើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែមករា។ កិច្ចព្រមព្រៀងអាជីវកម្មថ្មីនេះត្រូវបានប្រកាសឡើងជាសាធារណៈពីសំណាក់ក្រុមហ៊ុន ByteDance  ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok។

    នៅក្នុងកិច្ចព្រមព្រៀងខាងលើនេះបានបញ្ជាក់ថា TikTok និងសហរដ្ឋអាមេរិក នឹងបង្កើតក្រុមហ៊ុនថ្មីមួយបន្ថែមទៀតនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដោយបំបែកខ្លួនចេញពីក្រុមហ៊ុន ByteDance នៅក្នុងប្រទេសចិន ខណៈនៅក្នុងអង្គភាពថ្មីនេះ ក្រុមហ៊ុន ByteDance មានភាគហ៊ុនរបស់ខ្លួនចំនួនត្រឹមតែ ១៩,៩% ប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងសម្រាប់តែ​ TikTok នៅក្នុងទឹកដីសហរដ្ឋអាមេរិកតែប៉ុណ្ណោះ និងត្រូវបានធ្វើឡើងក្រោមហេតុផលដើម្បីរក្សាសន្តិសុខជាតិអាមេរិកពីការលួចប្រមូលទិន្នន័យអ្នកប្រើប្រាស់ ខណៈ TikTok នៅតាមបណ្តាប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោកគឺនៅបន្តស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនដដែល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: