អាមេរិកបានចំណាយប្រាក់ ៩៣លានដុល្លារក្នុងមួយខែ លើការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិ
អាមេរិក៖ បន្ទាប់ពីបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការមក លោក ដូណាល់ ត្រាំ បានសម្រេចដាក់ពង្រាយកងកម្លាំងឆ្មាំជាតិ (National Guard) នៅតាមបណ្តាទីក្រុង និងតំបន់សំខាន់ជាច្រើន ដើម្បីការពារសុវត្ថិភាពសាធារណៈ និងស្តារសណ្តាប់ធ្នាប់ឡើងវិញ។ ការដាក់ពង្រាយកងកម្លាំងពិសេសនេះត្រូវបានគេមើលឃើញថា អាចចំណាយប្រាក់យ៉ាងច្រើន តែនាពេលកន្លងមកអាជ្ញាធរអាមេរិកមិនដែលបង្ហាញតួលេខនៃការចំណាយជាក់ស្តែងនោះទេ។
យ៉ាងណាក្តី ថ្មីៗនេះមានរបាយការណ៍មួយបានបង្ហាញថា ក្នុងរយៈពេលជាង ៥ខែចុងក្រោយនៃឆ្នាំ២០២៥ ការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិបានចំណាសអស់ប្រាក់ចំនួន ៤៩៦លានដុល្លារ។ របាយការណ៍នេះត្រូវបានបញ្ចេញដោយការិយាល័យថវិកាសភា (Congressional Budget Office) និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែមករា។ នៅក្នុងរបាយការណ៍នេះក៏បានបង្ហាញផងដែរថា បើគិតជាមធ្យមនៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ ការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិគឺត្រូវចំណាយអស់ប្រាក់ប្រមាណជា ៩៣លានដុល្លារក្នុងខែ។ ប្រភពខាងលើបានបន្តថា នៅក្នុងឆ្នាំ២០២៦នេះ អាចចំណាយលើកងកម្លាំងឆ្មាំជាតិអាចធ្លាក់ចុះបន្តិច ពោលគឺនៅសល់ត្រឹមប្រមាណជា ៥៥លានដុល្លារនៅក្នុងមួយខែ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

