មនុស្ស ១៥នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅកូឡុំប៊ី
កូឡុំប៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅប្រទេសកូឡុំប៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែមករា។ យន្តហោះដែលបានជួបហេតុការណ៍អកុសលនេះ គឺជាយន្តហោះដឹកអ្នកដំណើរខ្នាតមួយ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសចរណ៍ Airline Satena ។
បើតាមអាជ្ញាធរកូឡុំប៊ីបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំង ១៥នាក់នោះ គឺមានជនរងគ្រោះចំនួន ២នាក់ជាអ្នកបើកបរយន្តហោះ និង ១៣នាក់ផ្សេងទៀតជាអ្នកដំណើរ ខណៈនៅក្នុងចំណោមអ្នកដំណើរទាំងអស់នោះក៏មានជនរងគ្រោះម្នាក់ជាសមាជិកសភារបស់រដ្ឋាភិបាលនៃប្រទេសកូឡុំប៊ីផងដែរ។ ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះមានទិសដៅធ្វើដំណើរចេញពីទីក្រុង Cucuta ឆ្ពោះទៅកាន់ទីក្រុង Ocana ភាគខាងជើងនៃប្រទេសកូឡុំប៊ី ហើយយន្តហោះបានធ្លាក់ក្រោយចេញដំណើរបានត្រឹមតែ ២៣នាទីប៉ុណ្ណោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

