ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនកាត់ទោសប្រហារជីវិតមនុស្ស ១១នាក់ ដែលពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋជនបោកប្រាក់តាម Online នៅមីយ៉ាន់ម៉ា

    BY Pheakdey January 29, 2026
    ចិនកាត់ទោសប្រហារជីវិតមនុស្ស ១១នាក់ ដែលពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋជនបោកប្រាក់តាម Online នៅមីយ៉ាន់ម៉ា

    ចិន៖ ​​​​​ចិនបានប្រហារជីវិតមនុស្សចំនួន ១១នាក់ ដែលមានការពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋជនមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៩ ខែមករា។ គួររម្លឹកជូនថា ​មនុស្សទាំង ១១រូបនេះធ្លាប់ត្រូវបានតុលាការក្រុង Wenzhou កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីអំឡុងខែសីហាកន្លងទៅនេះ តែថ្មីៗនេះតុលាការកំពូលចិនបានសម្រេចបន្ថែមទោសប្រហារជីវិតពួកគាត់តែម្តង។

    ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមមនុស្សទាំង ១១នាក់ខាងលើនេះលើក៏មានសមាជិកនៃ «ក្រុមឧក្រិដ្ឋជនគ្រួសារមីង» ផងដែរ ដែលនាពេលកន្លងមក ក្រុមឧក្រិដ្ឋជននេះបានធ្វើសកម្មភាពឆបោកយ៉ាងកក្រើក ហើយបានបណ្តាលឱ្យមានជនរងគ្រោះជនជាតិចិនចំនួន ១៤នាក់ត្រូវស្លាប់បាត់បង់ជីវិត និងជាច្រើននាក់បានរងរបួស។ សូមបញ្ជាក់ជូនថា យោងតាមរបាយការណ៍មួយរបស់ក្រសួងសន្តិសុខសាធារណៈចិនបានបង្ហាញថា កាលពីឆ្នាំកន្លងទៅមានពលរដ្ឋចិនប្រមាណជា ៧,៦០០នាក់ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសចិនវិញ ហើយក្រុមមនុស្សទាំងអស់នេះត្រូវបានគេសង្ស័យថាបានទៅលេងល្បែង និងធ្វើសកម្មភាពបោកប្រាក់តាម Online នៅក្នុងទីក្រុង Myawaddy នៃប្រទេសមីយ៉ាន់ម៉ា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: