បង់ក្លាដេស រកឃើញអ្នកបាត់បង់ជីវិតម្នាក់ដោយសារវិរុសនីប៉ា ក្រោយបានបរិភោគទឹកធម្មជាតិមួយប្រភេទនេះ
បង់ក្លាដេស៖ អាជ្ញាធរសុខាភិបាលនៃប្រទេសបង់ក្លាដេសបានប្រកាសពីការរកឃើញករណីអ្នកស្លាប់បាត់បង់ជីវិតម្នាក់ដោយសារវីរុសនីប៉ា (Nipah Virus) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៧ ខែកុម្ភៈ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនេះគ្មានប្រវត្តិធ្លាប់ធ្វើដំណើចេញក្រៅប្រទេសឡើយ ខណៈក្រុមអ្នកជំនាញបានសង្ស័យថា គាត់បានឆ្លងវិរុសនីប៉ាតាមរយៈអាហារដែលគាត់បានបរិភោគ។

បើតាមអាជ្ញាធរសុខាភិបាលបង់ក្លាដេសបានបញ្ជាក់ថា មុនពេលឆ្លងវិរុសនីប៉ាជនរងគ្រោះខាងលើនេះបានបរិភោគទឹកល្មើស្រស់ (Raw date palm sap ឬជាទឹកធម្មជាតិដែលគេយកចេញពីដើមល្មើ) ដែលគេទើបយកមកពីលើដើមថ្មីៗ។ តាមការសនិ្នដ្ឋាន ទំនងជានៅក្នុងទឹកល្មើស្រស់នោះមានផ្ទុកនូវវីរុសនីប៉ាចម្លងមកពីសត្វប្រចៀវ ដែលបានទៅផឹកឬប៉ះពាល់ជាមួយទឹកនោះតាំងតែពីពេលដែលវានៅលើដើមម្លេះ។ គួររម្លឹកជូនថា ថ្មីៗនេះប្រទេសឥណ្ឌាក៏បានប្រកាសរកឃើញអ្នកស្លាប់បាត់បង់ជីវិតដោយសារវិរុសនីប៉ាចំនួន ២ករណីផងដែរ ខណៈនៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងមានការព្រួយបារម្ភយ៉ាងពីការរាតត្បាតនៃវិរុសដ៏កាចសហាវមួយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia