ក្រុងហាណូយគ្រោងបង្កើតគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនចំពោះនិស្សិតសិក្សាថ្នាក់បណ្ឌិត និងរំពឹងទទួលបានធនធានបណ្ឌិត ១,០០០នាក់ក្នុងរយៈពេល ៤ឆ្នាំ
វៀតណាម៖ អាជ្ញាធរក្រុងហាណូយគ្រោងនឹងបង្កើតគោលនយោបាយឧបត្ថម្ភពិសេសមួយ ដើម្បីគាទ្រដល់ការសិក្សាថ្នាក់បណ្ឌិតនៅក្នុងទីក្រុងខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី២៧ ខែកុម្ភៈ។ តាមរយៈគោលនយោបាយនេះ អាជ្ញាធរក្រុងហាណូយក៏បានដាក់ចេញផែនការទទួលបានធនធានបណ្ឌិតចំនួន ១,០០០នាក់ក្នុងចន្លោះពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ផងដែរ។

គិតត្រឹមពេលនេះគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានចាប់ផ្តើមស្នើសុំមតិយោបល់លើសេចក្តីព្រាងស្តីពីការបង្កើតគោលនយោបាយខាងលើនេះហើយ ខណៈគេរំពឹងថា ការអនុម័តជាផ្លូវការអាចនឹងកើតមាននៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ប្រភពខាងលើបានបន្តថា តាមរយៈគោលនយោបាយគាំទ្រការសិក្សាថ្នាក់បណ្ឌិតខាងលើនេះគឺអាជ្ញាធរក្រុងហាណូយនឹងជួយផ្តល់ជូននិស្សិតសិក្សាថ្នាក់បណ្ឌិត ដូចជា៖
-ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៥លានដុង (៥៧៦ដុល្លារ)
-ជួយឧបត្ថម្ភចំពោះសកម្មភាពស្រាវជ្រាវផ្សេងៗ ដូចជាការបោះពុម្ពឯកសារផ្សេងៗ ការចូលរួមសិក្ខាសាលា ឬសន្និសីទ្ធ ដែលចាំបាច់ចំពោះការសិក្សាទាំងនៅក្នុងស្រុក និងក្រោប្រទេស ហើយប្រាក់ឧបត្ថម្ភចំពោះសកម្មភាពទាំងនេះគឺមានចំនួនអតិបរមារហូតដល់ ៥០លានដុង (១,៩២០ដុល្លារ) ក្នុងមួយឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express