ហ្វីលីពីន អនុញ្ញាតឱ្យបុគ្គលិករដ្ឋមកធ្វើការងារត្រឹម ៤ថ្ងៃ/១សប្តាហ៍ ដើម្បីឆ្លើយតបនឹងបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ
ហ្វីលីពីន៖ ហ្វីលីពីនគ្រោងនឹងកាត់បន្ថយថ្ងៃធ្វើការងារមកដល់ត្រឹម ៤ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីឆ្លើយតបនឹងបញ្ហាប្រេងឥន្ទនៈឡើងថ្លៃយ៉ាងខ្ពស់ក្នុងអំឡុងពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៧ ខែមីនា។ តាមគម្រោងគឺវិធានការនេះនឹងត្រូវអនុវត្តចំពោះគ្រប់ការិយាល័យរដ្ឋាភិបាលទាំងអស់ចាប់ពីថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានមានប្រសាសន៍ថា៖ “យើងជាជនរងគ្រោះនៃសង្គ្រាមដែលមិនមែនជាជម្រើសរបស់យើង» ហើយលោកក៏បានព្រមានផងដែរថា “សង្គ្រាមនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់ចេញពីសង្គ្រាមនេះអាចនឹងបន្តអូសបន្លាយរយៈពេលវែងបន្ថែមទៀត”។ សូមបញ្ជាក់ជូនថា ចាប់ពីសប្តាហ៍ក្រោយទៅតម្លៃសាំងនៅក្នុងប្រទេសហ្វីលីពីននឹងត្រូវកើនឡើងចំនួន ៧,៤៨ប៉េសូ (០,១៣ ដុល្លារ) ក្នុងមួយលីត្រ តម្លៃប្រេងម៉ាស៊ូតត្រូវកើតឡើង ១៧,២៨ប៉េសូ (០,៣១ ដុល្លារ) ក្នុងមួយលីត្រ ហើយតម្លៃប្រេងកាតនឹងត្រូវកើនឡើង ៣២,៣៥ប៉េសូ (០,៥៨ដុល្លារ) ក្នុងមួយលីត្រ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia