ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆេះរោងចក្រមួយកន្លែងនៅកូរ៉េខាងត្បូង បណ្តាលឱ្យមនុស្ស ១០នាក់បាត់បង់ជីវិត, ៥៩នាក់រងរបួស និង ៤នាក់កំពុងបាត់ខ្លួន

    BY Pheakdey March 21, 2026
    ឆេះរោងចក្រមួយកន្លែងនៅកូរ៉េខាងត្បូង បណ្តាលឱ្យមនុស្ស ១០នាក់បាត់បង់ជីវិត, ៥៩នាក់រងរបួស និង ៤នាក់កំពុងបាត់ខ្លួន

    កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះរោងចក្រនៅប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២១ ខែមីនា។ គួររម្លឹកជូនថា ហេតុការណ៍អកុសលនេះបានកើតឡើងតាំងតែពីថ្ងៃទី២០ ខែមីនាម្លេះ តែភ្លាមៗក្រោយកើតហេតុមានសេចក្តីរាយការណ៍ថា មានអ្នករងរបួសត្រឹមតែ ៥៥នាក់ប៉ុណ្ណោះ។

    យ៉ាងណាក្តី របាយការណ៍ដែលជាបច្ចុប្បន្នភាពនៃការឆេះរោងចក្រផលិតគ្រឿងបន្លាស់រថយន្តក្នុងទីក្រុង Daejeon ខាងលើនេះបានបង្ហាញថា មានអ្នកស្លាប់បាត់បង់ជីវិតចំនួន ១០នាក់ ហើយអ្នករងរបួសវិញមានចំនួន ៥៩នាក់ ខណៈគិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ដើម្បីពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅខាងលើនេះអាជ្ញាធរកូរ៉េខាងត្បូងបានប្រើប្រាស់ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៥០០នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន ១២០គ្រឿង យន្តហោះ ១គ្រឿង មនុស្សយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង និងម៉ាស៊ីនបាញ់ទឹកស្វ័យប្រវត្តិចំនួន ១គ្រឿងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖​ Channel News Asia

     

    Share This Post: