លោក ដូណាល់ ត្រាំ យល់ព្រមផ្អាកទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ២សប្តាហ៍ ប្រសិនបើអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមផ្អាកទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់រយៈពេល ២សប្តាហ៍ ប៉ុន្តែអ៊ីរ៉ង់ត្រូវបើកច្រកសមុទ្រហ័រមូសឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៨ ខែមេសា។ ការថ្លែងរបស់លោក ដូណាល់ ត្រាំ ខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយពេលឱសានវាទដែលលោកធ្លាប់ដាក់ឱ្យអ៊ីរ៉ង់អនុវត្តបានដល់ពេលកំណត់។

គួររម្លឹកជូនថា កាលពីថ្ងៃម្សិលមិញនេះលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ឱសានវាទឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញនៅព្រឹកនេះ ហើយបើអ៊ីរ៉ង់មិនព្រមអនុវត្តតាមនោះទេ លោក ដូណាល់ ត្រាំ បានគំរាមថា នឹងបំផ្លាញស្ពាន និងរោងចក្រថាមពលនៅក្នុងប្រទេសអ៊ីរ៉ង់ចោលទាំងអស់តែម្តង។ សូមបញ្ជាក់ជូនថា តាមរយៈកិច្ចព្រមព្រៀងខាងលើនេះ គេកំពុងរងចាំមើលលទ្ធផលវិជ្ជមានមួយពីការបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនប្រេងនិងទំនិញសំខាន់ៗនៅលើពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time