រថយន្ត

វៀតណាម ត្រៀមបញ្ចេញរថយន្តខ្លាញ់គោរបស់ខ្លួនតំលៃជាង ១ម៉ឺនដុល្លារ ដើម្បីប្រជែងជាមួយរថយន្តក្រៅស្រុក

BY
Khmernote Media
June 15, 2019

វៀតណាម៖ នាពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាមកំពុងហក់ឈានចូលទីផ្សាររថយន្តជាមួយម៉ាកយីហោផ្ទាល់របស់ខ្លួនដំបូងបំផុត។ លោក Nguyen Kieu Giang និង John Boudreau បានរាយការណ៍នៅលើ Bloomberg ថា VinFast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vingroup បានបញ្ចេញរថយន្តរបស់ខ្លួនជាលើកដំបូងចេញពីរោងចក្រកាលពីថ្ងៃសុក្រ កន្លងទៅនេះ ដើម្បីបង្ហាញឲ្យពិភពលោកឃើញថា ខ្លួនអាចមានសមត្ថភាពប្រឡូកក្នុងវិស័យផលិតរថយន្តនេះផងដែរ។

លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាមបានមានប្រសាសន៍នៅក្នុងសុន្ទរកថា៖ «វាបានបញ្ជាក់យ៉ាងច្បាស់ថា វិស័យឯកជន គឺពិតជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់បំផុត។ ខ្ញុំចង់ឱ្យ VinFast ឈានចូលទៅកាន់ទីផ្សារក្នុងតំបន់ និងនៅលើពិភពលោក»។ ក្រុមហ៊ុន VinFast នឹងចាប់ផ្តើមដឹកជញ្ជូនដាក់លក់រថយន្តរបស់ខ្លួននៅ ថ្ងៃច័ន្ទនេះ ហើយ VinFast ចង់ក្លាយជាក្រុមហ៊ុនវៀតណាមដំបូងគេ ដែលទទួលបានជោគជ័យក្នុងការប្រកួតប្រជែងជាមួយគូប្រជែងបរទេសដូចជា Toyota Motor Corp, ក្រុមហ៊ុន Ford Motor Co. និង Honda Motor Co. ។

គួរឱ្យដឹងផងដែរថា ចំពោះម៉ូដែលដំបូងរបស់ក្រុមហ៊ុននេះនឹងមានឈ្មោះថា Fadil ដែលជាប្រភេទ hatchback ជាមួយនឹងតម្លៃ ៣៩៤.៥លានដុង (ប្រហែល ១៦,៩០០ដុល្លារអាមេរិក) ។ ហើយ Vingroup ក៏ធ្លាប់បានសន្យាតាំងពីឆ្នាំ ២០១៧ ថា ពួកគេនឹងចំណាយ ៣.៥ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើវិនិយោគលើវិស័យអាជីវកម្មរថយន្តនេះ។ ពួកគេនឹងផលិតរថយន្តប្រភេទ Sedan, SUV ក៏ដូចជាម៉ូតូដើរដោយអគ្គិសនីផងដែរ ហើយជំហានទី ១ របស់ពួកគេនឹងផលិតរថយន្តឱ្យបាន ២៥០,០០០ គ្រឿង និងបន្តបង្កើនការផលិតឱ្យបាន ៥០០,០០០គ្រឿង ក្នុងមួយឆ្នាំៗឱ្យបានមុនឆ្នាំ ២០២៥៕

 

អត្ថបទ៖ លីដា

Share This Post: