ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ឥណ្ឌា ព្រមានពីគម្រោងផ្អាកប្រតិបត្តិការដោយសារតែវិបត្តិប្រេងឥន្ទនៈសកល
ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗនៅក្នុងប្រទេសឥណ្ឌាព្រមានពីគម្រោងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ដោយសារតែវិបត្តិប្រេងឥន្ទនៈសកល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែមេសា។ ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះមានរួមមាន ក្រុមហ៊ុនអាកាសចរណ៍ IndiGo, ក្រុមហ៊ុនអាកាសចរណ៍Air India និងក្រុមហ៊ុនអាកាសចរណ៍ SpiceJet ផងដែរ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះសហព័ន្ធអាកាសចរណ៍ឥណ្ឌា ដែលជាតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះបានផ្ញើលិខិតសុំអន្តរាគមន៍ផ្លូវការមួយច្បាប់ទៅកាន់អាជ្ញាធរអាកាសចរណ៍ឥណ្ឌារួចរាល់ហើយ ដើម្បីសុំឱ្យរដ្ឋាភិបាលឥណ្ឌាជួយសម្របសម្រួលបញ្ចុះតម្លៃប្រេងឥន្ទនៈ។ ខ្លឹមសារនៅក្នុងលិខិតនោះក៏បានបញ្ជាក់ផងដែរថា «ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសឥណ្ឌាកំពុងស្ថិតនៅក្រោមភាពតានតឹងខ្លាំង ហើយជិតដល់ការបិទ ឬបញ្ឈប់ប្រតិបត្តិការហើយ» ប្រសិនបើរដ្ឋាភិបាលមិនអាចជួយបញ្ចុះតម្លៃប្រេងឥន្ទនៈសម្រាប់ការហោះហើរបាននោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time