អាមេរិកប្រកាសដាក់ទណ្ឌកម្មលើស្ថានីយប្រេងរបស់ចិននៅសមុទ្រលឿង ដែលជាផ្នែកមួយនៃការដាក់សម្ពាធលើអ៊ីរ៉ង់
អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មទៅស្ថានីយប្រេងមួយកន្លែងរបស់ប្រទេសចិន ដែលជាផ្នែកមួយនៃការដាក់សម្ពាធទៅកាន់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២ ខែឧសភា។ ស្ថានីយប្រេងរបស់ចិនមួយកន្លែងនេះ គឺស្ថានីយ Qingdao ដែលមានទីតាំងស្ថិតនៅលើសមុទ្រលឿង (Yellow Sea)។

ប្រភពខាងលើបានបន្តថា ស្ថានីយប្រេង Qingdao គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន Qingdao Haiye Oil Terminal Co Ltd, ហើយនាពេលកន្លងមកស្ថានីយប្រេងដ៏ធំមួយនេះបានបញ្ជាទិញប្រេងឆៅពីប្រទេសអ៊ីរ៉ង់ក្នុងចំនួនរាប់សិបលានប៉ារ៉ែល ដែលអាចជួយបង្កើតប្រាក់ឱ្យអ៊ីរ៉ង់រាប់ពាន់លានដុល្លារផងដែរ។ សូមបញ្ជាក់ជូនថា ការសម្រេចដាក់ទណ្ឌពីសំណាក់សហរដ្ឋអាមេរិកទៅលើស្ថានីយប្រេងរបស់ចិនពេលនេះ គឺបានកើតឡើង ២សប្តាហ៍មុនពេលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន៕

អត្ថបទ៖ភក្តី
ប្រភព៖ Channel News Asia