អ្នកបើកបររថភ្លើងនិងបុគ្គលិក ២នាក់ ដែលពាក់ព័ន្ធក្នុងករណីរថភ្លើងបើកបុករថយន្តក្រុងក្នុងប្រទេសថៃ ត្រូវបានតេស្តវិជ្ជមានប្រើប្រាស់សារធាតុខុសច្បាប់
ថៃ៖ បុគ្គលិកបម្រើការងារនៅក្នុងស្ថានីយរថយន្តភ្លើងក្នុងប្រទេសថៃចំនួន ២នាក់ ដែលជាអ្នកពាក់ព័ន្ធក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុករថយន្តក្រុងកាលពីចុងសប្តាហ៍មុន ត្រូវបានធ្វើតេស្តវិជ្ជមានប្រើប្រាស់គ្រឿងញៀន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែឧសភា។ សូមបញ្ជាក់ជូនថា កាលពីដើមសប្តាហ៍នេះ បុរសម្នាក់ដែលជាអ្នកបើកបររថភ្លើងផ្ទាល់ត្រូវបានធ្វើតេស្តវិជ្ជមានប្រើប្រាស់គ្រឿងញៀនរួចហើយ ខណៈអ្នកបើកបររថភ្លើងរូបនោះក៏ត្រូវបានចោទប្រកាន់ពីបទបើកបរដោយមិនប្រុងប្រយ័ត្នផងដែរ។

គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់រថភ្លើងបើកបុករថយន្តក្រុងយ៉ាងពេញទំហឹងក្នុងទីក្រុងបាងកកប្រទេសថៃ បានកើតឡើងនៅក្នុងថ្ងៃទី១៦ ខែឧសភា ហើយបានបណ្តាលឱ្យមានមនុស្សចំនួន ៨នាក់ត្រូវស្លាប់បាត់បង់ជីវិត និងជាង ៣០នាក់រងរបួស។ បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់នេះ អាជ្ញាធរថៃក៏ផ្តើមធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមបុគ្គលិកបម្រើការការងារក្នុងស្ថានីយរថយន្តភ្លើង State Railway of Thailand (SRT) ជាបន្តបន្ទាន់ ដោយនៅក្នុងថ្ងៃទី១៩ ខែឧសភា មានបុគ្គលិកចំនួន ១៥៧នាក់ត្រូវបានធ្វើតេស្ត តែលទ្ធផលអវិជ្ជមានទាំងអស់។ ក្រោយមកទៀតនៅក្នុងថ្ងៃទី២០ ខែឧសភា អាជ្ញាធរថៃក៏បានធ្វើតេស្តបុគ្គលិកចំនួន ១៤១នាក់ទៀត ហើយក្នុងនោះមានបុគ្គលិកចំនួន ២នាក់មានលទ្ធផលវិជ្ជមាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time