រថយន្ត

ក្រុមហ៊ុន Honda បញ្ចេញរថយន្តអគ្គិសនីយ៉ាងថ្មីសន្លាង រូបរាងតូចច្រឡឹង ស្អាតប្រណីត បញ្ចូលថ្មឆាប់ពេញ និងមានថាមពលល្មមគ្រប់គ្រាន់បើកបរក្នុងក្រុង

BY
autoadmin
June 17, 2019

ក្រុមហ៊ុន Honda ធ្លាប់បានបង្ហើបអំពីរថយន្តអេឡិចត្រូនិកយ៉ាងថ្មីសន្លាងរបស់ខ្លួន ដែលជាប្រភេទរថយន្តដ៏តូច និងគួរឱ្យស្រឡាញ់កាលពីដើមឆ្នាំនេះ ប៉ុន្តែព័ត៌មានលម្អិតរបស់វាគឺមានតិចតួចណាស់។ ដោយកាលនោះ Honda បានបង្ហាញលក្ខណៈពិសេសរបស់វាដូចជា កាមេរ៉ា ដែលជំនួសឱ្យកញ្ចក់ចំហៀង និងតាបឡូឈើ (faux-wood paneled dashboard) ប៉ុន្តែឥឡូវនេះក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែកចាយបន្ថែមទៀតពីលក្ខណៈពិសេសជាក់លាក់មួយចំនួនទៀតអំពីរថយន្ត រួមទាំងសមត្ថភាពថ្ម និងការចែកចាយទម្ងន់។

ក្រុមហ៊ុន Honda និយាយថា ថាមពលរបស់វានឹងត្រូវបានផ្តល់ជូនតាមរយៈកង់ក្រោយ និងមានមុខងារ four-wheel independent suspension ដែលអាចធ្វើឱ្យការបើកបរកាន់តែមានផាសុកភាព។ ថ្មរបស់វាស្ថិតនៅកណ្តាលរយន្ត និងបាតក្រោម ដែលមានន័យថា ទំនាញកណ្តាលនឹងមានកម្រិតទាប ហើយទម្ងន់នៃរថយន្តនឹងត្រូវបានចែកចាយស្មើៗគ្នា រវាងផ្នែកខាងមុខ និងខាងក្រោយ ដែលផ្តល់នូវស្ថេរភាព និងកម្លាំងរឹតតែល្អ។ ថាមពលថ្ម Lithium-ion ទំហំ 35.5 kWh (គីឡូវ៉ាត់ម៉ោង) របស់វាគឺអាចសាកបានដោយឌុយ AC2 ឬ CCS2 DC ដែលធ្វើឱ្យការបញ្ចូលថ្មលឿន ហើយអាចសាកបាន 80ភាគរយ ក្នុងរយៈពេលត្រឹមតែ 30នាទី ប៉ុណ្ណោះ។

រថយន្តនេះអាចធ្វើដំណើរបានប្រវែងជាង 124គីឡូម៉ែត្រ (សាកថ្មពេញម្ដង) ដែលគួរតែគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរជុំវិញទីក្រុង ទោះបីជាមិនអាចគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរឆ្ងាយក៏ដោយ។ ប៉ុន្តែប្រសិនបើអ្នកកំពុងស្វែងរករថយន្តដឹកទំនិញធុនតូច សម្រាប់តែនៅក្នុងទីក្រុងនោះ Honda E អាចបំពេញនូវតម្រូវការនោះបាន។ រថយន្ត Honda E នឹងដាក់លក់នៅចុងឆ្នាំនេះ ហើយការទទួលបញ្ជាទិញក៏ចាប់មានហើយដែរ ប៉ុន្តែបានតែនៅអឺរ៉ុបប៉ុណ្ណោះ និងមានតម្លៃចាប់ពី 34,000 ដុល្លារអាមេរិក៕

អត្ថបទ៖ លីដា

Share This Post: