រដ្ឋបាលលោក ត្រាំ យល់ព្រមបោះបង់មូលនិធិ “Weaponisation” តម្លៃ ១,៨ពាន់លានដុល្លារ ក្រោយមានប្រតិកម្មខ្លាំងពីសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ
អាមេរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ យល់ព្រមបោះបង់ចោលមូលនិធិ “Weaponisation” ដែលមានតម្លៃ ១,៨ពាន់លានដុល្លារហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែឧសភា។ សូមបញ្ជាក់ថា មូលនិធិ “Weaponisation” គឺជាមូលនិធិសំណងមួយ ដែលលោក ដូណាល់ ត្រាំ គ្រោងបង្កើតឡើងសម្រាប់ផ្តល់សំណងទៅកាន់ពលរដ្ឋអាមេរិកមួយចំនួន ដែលបានរងគ្រោះពីការប្រើប្រាស់អំណាចរបស់រដ្ឋាភិបាលដោយមិនត្រឹមត្រូវនាពេលកន្លងមក ជាពិសេសនោះគឺក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ដែលបានចូលរួមក្នុងហេតុការណ៍កុបកម្មនៅវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

បើតាមលោក Todd Blanche រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុតិ្តធម៌អាមេរិកបានបញ្ជាកថា ការសម្រេចលុបចោលមូនិធិសំណង ដែលមានតម្លៃដ៏ច្រើនខាងលើនេះត្រូវបានធ្វើឡើងក្រោយមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់សមាជិកព្រឹទ្ធសភាមកពីខាងលើគណបក្សសាធារណរដ្ឋ ពោលគឺជាគណបក្សរបស់លោក ដូណាល់ ត្រាំ ផ្ទាល់តែម្តង។ លោក Todd Blanche បានបន្តថា ការមិនគាំទ្រមូនិធិ “Weaponisation” ពីសំណាក់សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋនៅពេលនេះ គឺត្រូវបានធ្វើឡើងដោយការមើលឃើញថា ការបង្កើតមូលនិធិ “Weaponisation” អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុម័តច្បាប់ពិសេសមួយសម្រាប់ផ្តល់មូលនិធិគាំទ្រផែនការបង្ក្រាបជនអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ ដែលមានតម្លៃសរុបរហូតដល់ ៧២ពាន់លានដុល្លារប៉ុណ្ណោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time