របាយការណ៍មួយបង្ហាញថា ចិនបាននាំមុខអឺរ៉ុបក្នុងការច្នៃប្រឌិតឱសថ និងការអភិវឌ្ឍឱសថ
បែលហ្ស៊ិក៖ ប្រទេសចិនបាននាំមុខអឺរ៉ុបក្នុងការច្នៃប្រឌិតឱសថ និងការអភិវឌ្ឍឱសថ នេះបើយោងតាមរបាយការណ៍មួយ ដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែមិថុនា។ របាយការណ៍នេះត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍មួយនៅប្រទេសបែលហ្ស៊ិក ដែលរៀបចំឡើងដោយសហព័ន្ធឧស្សាហកម្មឱសថ និងសមាគមអឺរ៉ុប។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ជួបជុំក្រុមឧស្សាហកម្មផលិតឱសថខាងលើនេះ លោក Alexandre de Germay ប្រធានផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន Pfizer បានបញ្ជាក់ថា ប្រទេសចិនបានក្លាយជាប្រភពដ៏សំខាន់មួយនៃការផលិតថ្នាំថ្មីៗ និងការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត ហើយក៏ជាផ្នែកមួយជម្រុញឱ្យមានការផ្លាស់ប្តូររូបរាងឧស្សាហកម្មឱសថសកលផងដែរ។ លោក Alexandre de Germay បានបន្តថា នាពេលបច្ចុប្បន្ននេះ ការសិក្សាផ្នែកវេជ្ជសាស្រ្តក្នុងវិស័យជំងឺមហារីកចំនួន ៤០% នៃការសិក្សាទាំងអស់នៅលើពិភពលោកគឺស្ថិតនៅក្នុងប្រទេសចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time