ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្តេជ្ញាប្រែក្លាយភ្នំគូលែនឱ្យក្លាយជាគោលដៅទេសចរណ៍លំដាប់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍

    BY Nisaiy KN July 5, 2026
    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្តេជ្ញាប្រែក្លាយភ្នំគូលែនឱ្យក្លាយជាគោលដៅទេសចរណ៍លំដាប់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ បន្ទាប់ពីលោកបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសំខាន់ៗក្នុងតំបន់រមណីយដ្ឋាននេះ។

    កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តសៀមរាប វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល សរុបប្រមាណ ១៣០នាក់។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងផែនការមេជាច្រើន ដើម្បីពង្រឹងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដែលជាគោលដៅយុទ្ធសាស្ត្រក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ក្រៅពីប្រាសាទអង្គរវត្ត ដើម្បីពន្យារពេលស្នាក់នៅ និងបង្កើនចំណូលដល់ប្រជាសហគមន៍។

    ការរៀបចំផែនការសម្រាប់ឆ្នាំ២០២៦-២០២៨ នេះ គឺជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្វែរការចាប់អារម្មណ៍មកកាន់តំបន់ «Beyond Angkor» កាន់តែច្រើនឡើង។

    ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍនេះធ្វើឡើងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យលើកកម្ពស់ភ្នំគូលែនជាគោលដៅទេសចរណ៍ធម្មជាតិ និងវប្បធម៌ប្រកបដោយគុណភាព។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ៨ រួមមាន៖ ការបង្កើនភាពទាក់ទាញ និងការប្រកួតប្រជែង, ការពង្រឹងសន្តិសុខ និងសុវត្ថិភាព, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាគាំទ្រ, ការធ្វើពិពិធកម្មផលិតផលទេសចរណ៍, ការអភិរក្សបេតិកភណ្ឌ, ការផ្តល់ផលប្រយោជន៍ដល់សហគមន៍, ការជំរុញទេសចរណ៍បៃតងឆ្លាតវៃ និងការពង្រឹងអភិបាលកិច្ចភាពជាដៃគូ។

    ជាចុងក្រោយ ឯកឧត្តម ហួត ហាក់ បានសម្តែងក្តីរំពឹងយ៉ាងមុតមាំថា តាមរយៈការអនុវត្តវិធានការទាំងនេះ នឹងប្រែក្លាយតំបន់ភ្នំគូលែនឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងជំនឿ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាំងក្នុងរដូវកាលបៃតង និងរដូវកាលក្តៅ ដោយធានាបានទាំងគុណភាព ចីរភាព និងបរិយាបន្ន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay