វីដេអូស្តែងៗ អ្នកបើកតាក់ស៊ីបង្កគ្រោះថ្នាក់ ជិះឆ្លងផ្លូវបុកជាមួយនឹងម៉ូតូក្បួនសុំបើកផ្លូវ
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងតាក់ស៊ី ជាមួយនឹងម៉ូតូប៉ូលីសដង្ហែក្បួន។ វីដេអូស្តែងៗដែលថតបានហេតុការណ៍កើតឡើងនៅថ្ងៃទី២៦ មិថុនា វេលាម៉ោង ១ និង ២២ នាទីថ្ងៃត្រង់ចំណុចកណ្តាលក្រុងបាងកក ត្រូវបានគេធ្វើការចែករំលែកពីគណនីមួយទៅគណនីមួយទៀត។
តាមរយៈវីដេអូគេសង្កេតឃើញថាម៉ូតូក្បួនដង្ហែដែលបើកបរដោយប៉ូលីស មានបើកសារ៉ែន ដើម្បីសុំបើកផ្លូវបញ្ចៀសការកកស្ទះ ស្រាប់តែដល់ចំណុចកើតហេតុ អ្នកបើកបរតាក់ស៊ីរូបនោះក៏បែរក្បាលចេញមកបណ្តាលឲ្យបុកម៉ូតូក្បួននោះមួយទំហឹង បង្កឲ្យរងរបួស។ មន្ត្រីប៉ូលីសដែលរងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម្ចាស់តាក់ស៊ីរូបនោះត្រូវបានប៉ូលីសឃាត់ខ្លួនដើម្បីធ្វើការសួរនាំ។ បញ្ជាក់ឲ្យដឹងផងដែរថារថយន្តដែលស្ថិតនៅក្នុងក្បួននេះ គឺជារថយន្តដង្ហែលោកឧត្តមសេនីយ៍ បាន់ធីត ប៊ុនយ៉ាក់ប៉ាន់ អគ្គបញ្ជាការរងនៃកងកម្លាំងជួរមុខ ដែលកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំសភាស្តីពីការការពារ៕
អត្ថបទ៖ មេសា




