សមត្ថកិច្ចហាមឃាត់មិនឲ្យលេងល្បែងស៊ីសងច្រើនដងហើយតែមិនស្តាប់ ឥឡូវឃាត់ខ្លួនយកទៅអប់រំនៅប៉ុស្តី៍បានសម្រេច
បាត់ដំបង៖ កាលពីថ្ងៃទី២៦ ខែមិថុនាម្សិលមិញនេះសមត្ថកិច្ចបានចុះបង្រ្កាបឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសង នៅចំណុចភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនអ្នកប្រព្រឹត្តិបានចំនួន០៧នាក់ ព្រមទាំងសម្ភារៈភស្តុតាងក្នុងរឿងល្បែងស៊ីសងមួយចំនួនផង។ ក្រោយពេលនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វើការសាកសួរស្រាវជ្រាវរួចមក បានធ្វើកំណត់ហេតុអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្បែងស៊ីសងបន្តទៀត និងបានអនុញ្ញាតឲ្យវិលទៅកាន់លំនៅដ្ឋានវិញ។
សូមជម្រាបជូនថា ក្នុងរយៈពេលកន្លងទៅករណីល្បែងស៊ីសងតែងកើតមានដោយការលួចលាក់លែងនៅតាមមូលដ្ឋាន ហើយតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបងតែងតែដាស់តឿន និងដាក់វិធានការជាប់ជាប្រចាំដល់មន្រ្តីនគរបាលមូលដ្ឋានពិសេសលោកអធិការនគរបាលក្រុង ស្រុក ដើម្បីធ្វើការអប់រំណែនាំដល់ប្រជពលរដ្ឋចំពោះករណីល្បែងស៊ីសងនេះឲ្យពួកគាត់បញ្ឈប់សកម្មភាពស្របតាមខ្លឹមសារស្តីពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ប៉ុន្តែដោយការអប់រំណែនាំ ហាមឃាត់មិនព្រមស្តាប់ទើបនគរបាលចុះឃាត់ខ្លួនយកមកអប់រំណែនាំធ្វេីកិច្ចសន្យាបែបនេះ៕




ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ដោយ៖ ណារ៉ែន