ចិនប្រកាសប្រមូលរថយន្តអគ្គិសនីខ្លួន ៥,០០០គ្រឿងចូលរោងចក្រវិញ ដោយសារបញ្ហាផ្ទុះឆេះអាគុយ
- June 28, 2019
ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីឈានមុខមួយរបស់ចិនគឺក្រុមហ៊ុន NIO បានប្រកាសប្រមូលរថយន្តប្រភេទ ES8 ប្រភេទ SUV ត្រលប់មកកាន់ក្រុមហ៊ុនវិញ ដើម្បីត្រួតពិនិត្យសាជាថ្មី ក្រោយមានរបាយការណ៍បង្ហាញថា រថយន្តប្រភេទនេះមានបញ្ហាផ្ទុះឆេះអាគុយរបស់វា។ តាមសេចក្តីសេចក្តីប្រកាសរបស់ក្រុមហ៊ុន NIO បានបញ្ជាក់ថា រថយន្ត ES8 ដែលមានបញ្ហានោះគឺជារថយន្តដែលផលិតនៅក្នុងចន្លោះថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៨ ដល់ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ ហើយរថយន្តប្រភេទដដែលនេះ ដែលផលិតនៅថ្ងៃខែផ្សេងពីនេះគឺពុំមានបញ្ហានោះទេ។
តំណាងក្រុមហ៊ុន NIO បានឲ្យដឹងផងដែរថា រថយន្តដែលមានបញ្ហាទាំងអស់នោះមានប្រមាណជា ៥,០០០ គ្រឿង ហើយក្រុមហ៊ុននឹងត្រូវការពេលប្រហែលជា ២ ខែ ដើម្បីដោះស្រាយបញ្ហានេះជូនអតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។ ឥរិយាបថនេះត្រូវបានអតិថិជនរបស់ក្រុមហ៊ុន NIO សរសើរថា គឺជាការទទួលខុសត្រូវដ៏ខ្ពស់មួយរបស់ក្រុមហ៊ុនផងដែរ៕


អត្ថបទ៖ ភក្តី
- Share This Post:






