ចិនទទួលបានជោគជ័យក្នុងការប្រើប្រាស់បេះដូងសិប្បនិមិ្មតជួយសង្គ្រោះជីវិតមនុស្ស២នាក់
ចិន៖ សេចក្តីរាយការណ៍របស់សារព័ត៌មាន CGTN បានឲ្យដឹងថា បេះដូងសិប្បនិមិ្មត ដែលទើបត្រូវបានគេបង្កើតឡើង បានជួយសង្គ្រោះជីវិតជនរងគ្រោះបានចំនួនពីរនាក់នៅក្នុងក្រុង Tianjin ភាគខាងជើងប្រទេសចិន។ បេះដូងសិប្បនិមិ្មតត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តចិន ហើយគេត្រូវការពេលវេលាជាច្រើនឆ្នាំទើបអាចបង្កើតវាបានដោយជោគជ័យដូចនេះ។ ជនរងគ្រោះទាំងពីរនាក់នោះមានម្នាក់ជាបុរសអាយុ ៣៩ ឆ្នាំ និងម្នាក់ទៀតជាស្រ្តីអាយុ ៦២ ឆ្នាំ ហើយពួកគេសុទ្ធតែមានបញ្ហាបេះដូងធ្ងន់ធ្ងរដូចគ្នាគឺ បេះដូចលោតខុសប្រក្រតី តឹងទ្រូង និងថប់ដង្ហើម ដែលស្ថានភាពនេះអាចធ្វើឲ្យពួកគេស្លាប់បាន ប្រសិនបើគ្មានការសង្គ្រោះទាន់ពេលវេលា។
ជាសំណាងល្អ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ ជនរងគ្រោះទាំងពីរត្រូវបានគេជួយសង្គ្រោះបន្តដង្ហើមរបស់ពួកគេ ដោយប្រើជំនួយពីបេះដូងសិប្បនិមិ្មត ហើយពួកគេក៏អាចរួចផុតពីសេចក្តីស្លាប់បាន។ រហូតមកទល់នឹងពេលនេះ ជនរងគ្រោះទាំងពីរនាក់អាចក្រោកបានដោយខ្លួនឯង និងអាចដើរហាត់ប្រាណបានដោយខ្លួនឯងខ្លះៗផងដែរ។ វេជ្ជបណ្ឌិតបានអះអាងថា អ្នកជំងឺបេះដូងទាំងពីរនាក់នេះអាចនៅរស់បានជាច្រើនឆ្នាំទៀត ប្រសិនបើពួកគេបន្តហាត់ប្រាណ និងញ៉ាំអាហារសុខភាពបានទៀងទាត់។ ភាពជោគជ័យនៃការប្រើប្រាស់បេះដូងសិប្បនិមិ្មតនេះគឺជាមោទកភាពមួយសម្រាប់វិស័យវេជ្ជសាស្រ្តចិន និងប្រទេសចិនទាំងមូលផងដែរ៕
អត្ថបទ៖ ភក្តី

