នៅចាំលោកតាម្នាក់ជិះកង់តាមចាប់ Pokemon រាល់ថ្ងៃដែរឬទេ? ពេលនេះគាត់តម្លើងទូរស័ព្ទដល់ ៣០ គ្រឿងហើយ
ប្រិយមិត្តនៅចាំលោកតាជនជាតិតៃវ៉ាន់ម្នាក់ដែលទទួលបានការចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គម ព្រោះតែសកម្មភាពជិះកង់ចេញចាប់ Pokemon នៅក្នុងហ្គេមដែរឬទេ? ពេលនេះលោកតាបានត្របល់មកវិញម្តងទៀតហើយ ដោយលើកនេះលោកតាបានបង្កើនចំនួនទូរស័ព្ទរហូតដល់ ៣០ គ្រឿងឯនោះ។ គួរម្លឹកជូនថា លោកតា Chen San-yuan មានវ័យ ៧០ ឆ្នាំ និងជាមនុស្សមានជំងឺប្រចាំកាយម្នាក់ ហើយដើម្បីជាការហាត់ប្រាណ និងលំហែខួក្បាលរបស់គាត់ លោកតាបានសម្រេចបំពាក់ទូរស័ព្ទចំនួន ៦ គ្រឿងនៅលើកង់របស់គាត់សម្រាប់លេងហ្គេម Pokemon Go ដោយហ្គេមនេះតម្រូវឲ្យលោកតាត្រូវជិះកង់ពេញទីក្រុង ដើម្បីទៅតាមចាប់ Pokemon ដែលមានទីតាំងនៅជិតទូរស័ព្ទណាមួយក្នុងចំណោមទូរស័ព្ទទាំងអស់របស់គាត់។

លោកតាបានអះអាងថា ក្រោយបានធ្វើសកម្មភាពខាងលើនេះរាល់ថ្ងៃ លោកតាមានសុខភាពល្អប្រសើរ មានអារម្មណ៍ស្រស់ស្រាយ ហើយជំងឺរបស់គាត់ហាក់រលាយបាត់តែម្តង។ សកម្មភាពរបស់លោកតា ត្រូវបានមហាជន និងសារព័ត៌មានសំខាន់ៗជាច្រើនចាប់អារម្មណ៍ ហើយក្រោយមកមានក្រុមហ៊ុនទូរស័ព្ទមួយចំនួនបាន សម្រេចឧបត្ថម្ភទូរស័ព្ទដល់គាត់ធ្វើឲ្យចំនួនទូរស័ព្ទរបស់គាត់ឡើងដល់ ១៥ គ្រឿង បន្ទាប់មកទៀត ២២ គ្រឿង។ អ្វីដែលជាការចាប់អារម្មណ៍ទៀតនោះគឺកាលពីពេលថ្មីៗនេះ លោកតាត្រូវបានស្ថានីយ៍ទូរទស្សន៍មួយសម្ភាសន៍ និងត្រូវបានគេឧបត្ថម្ភទូរស័ព្ទបន្ថែមរហូតដល់ ៣០ គ្រឿងឯណោះ។ លោកអ្នកអាចទស្សនាសកម្មភាពរបស់តារូបនេះ ក្នុងវីដេអូដូចខាងក្រោម៖
អត្ថបទ៖ ភក្តី