ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ត្រូវបានហាមឃាត់មិនឱ្យលេងបាល់ទាត់អន្តរជាតិរយៈពេល ៣ខែ
- BY
- autoadmin
- August 3, 2019
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ត្រូវបានគេហាមឃាត់មិនឱ្យលេងបាល់ទាត់អន្តរជាតិរយៈពេល ៣ខែ បន្ទាប់ពីលោកបាននិយាយថា Copa America «ពុករលួយ» ។ Messi ដែលត្រូវជាខ្សែប្រយុទ្ធរបស់ក្លឹបអេស្ប៉ាញ Barcelona ដែលមានវ័យ ៣២ឆ្នាំ ម្នាក់នេះ បានចាកចេញពីការប្រកួតក្របខ័ណ្ឌ Copa America ភ្លាម បន្ទាប់ពីលោកទទួលបានកាតក្រហម នៅក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ជាមួយនឹងជម្រើសជាតិឈីលី ដោយបញ្ចប់ជាមួយនឹងលទ្ធផល ២-១ ។
មូលហេតុដែលគាត់ត្រូវគេពិន័យ គឺដោយសារ Lionel Messi បាននិយាយថា៖ «ពាននេះ [Copa America] គឺគ្រោងទុក ដើម្បីឱ្យប្រេស៊ីលឈ្នះ» ហើយក្រោយមកទៀត សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងក៏បានពិន័យមកលើ Messi ជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ (៤១,១២១ផោន) និងហាមឃាត់មិនឱ្យលេងបាល់ទាត់អន្តរជាតិរយៈពេល ៣ខែ សម្រាប់ការចោទនេះ។ Messi មានរយៈពេល ៧ថ្ងៃ ដើម្បីប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់សហព័ន្ធនេះ។
ការហាមឃាត់នេះមានន័យថា Messi នឹងខកខានការប្រកួតមិត្តភាពរបស់អាហ្សង់ទីន ជាមួយនឹងឈីលី ម៉ិកស៊ិក និងអាល្លឺម៉ង់ នៅខែកញ្ញា និងតុលា។ ក៏ដូចជាការប្រកួតជម្រុះរបស់អាហ្សង់ទីន សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២០៕
អត្ថបទ៖ លីដា
- Share This Post: