រថយន្ត

ការអនុវត្តពន្ធថ្មីដែលចិនដាក់ទៅអាមេរិក នឹងធ្វើឱ្យក្រុមហ៊ុនរថយន្តធំៗទាំងនេះខូចខាតធ្ងន់ធ្ងរបំផុត

BY
autoadmin
August 24, 2019

សង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើងចុងក្រោយរវាងសហរដ្ឋអាមេរិក និងចិន អាចមានផលវិបាកយ៉ាងខ្លាំងចំពោះយីហោរថយន្តមួយចំនួន។ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានប្រកាសសងសឹកទៅអាមេរិកវិញ ជាមួយនឹងការយកពន្ធលើផលិតផលជាច្រើនរួមមាន ផែនការបន្តការយកពន្ធបន្ថែម ២៥% លើរថយន្តអាមេរិក (ចាប់ពីថ្ងៃទី១៥ ខែធ្នូ) និង ១០% បន្ថែមសម្រាប់រថយន្តមួយចំនួន។ នេះអាចធ្វើឱ្យពន្ធគយឡើងដល់ ៥០% សម្រាប់រថយន្តមួយចំនួន ហើយជាពិសេសធ្វើឱ្យខូចខាតដល់ក្រុមហ៊ុនផលិតរថយន្តអាមេរិកដែលនាំចេញទៅប្រទេសចិនជាច្រើន រួមទាំងក្រុមហ៊ុន Tesla, BMW និង Mercedes-Benz ។

ក្រុមហ៊ុន Tesla ក៏ទើបតែមានរោងចក្រធំនៅសៀងហៃដែរ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងមិនទាន់អាចដាក់ផលិតកម្មបាននៅឡើយទេ។ ទាល់តែផុត ឆ្នាំ២០១៩ ទើប Tesla អាចផលិតរថយន្តនៅឯរោងចក្រក្នុងប្រទេសចិនបាន! ដូច្នេះហើយបើវាមានតម្រូវការខ្លាំង ក្រុមហ៊ុននឹងត្រូវនាំចូលពីអាមេរិក។ ទន្ទឹមនឹងនេះក្រុមហ៊ុន BMW និងក្រុមហ៊ុន Mercedes បានដឹកជញ្ជូនរថយន្តប្រភេទ SUV ជាច្រើនគ្រឿងទៅកាន់ប្រទេសចិន ពីរោងចក្រអាមេរិក ដែលធ្វើឱ្យក្រុមហ៊ុនរថយន្តប្រណីតទាំងនេះកាន់តែប្រឈមនឹងបញ្ហា។ ពន្ធគយថ្មីក៏បានដាក់ ៥% បន្ថែមទៀត លើការនាំចូលប្រេងឆៅ និងសណ្តែករបស់សហរដ្ឋអាមេរិក ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ផងដែរ។

ការកំណត់ពេលវេលាសម្រាប់ពន្ធរថយន្ត គឺមិនចៃដន្យទេ។ វាតមកជាមួយនឹងសកម្មភាពអាមេរិក ដែលគ្រោងនឹងអនុវត្តពន្ធលើទូរស័ព្ទ កុំព្យូទ័រយួរដៃ ឧបករណ៍កម្សាន្ត និងឧបករណ៍ផ្សេងទៀតនៅថ្ងៃតែមួយ។ ប្រទេសចិនចង់បង្ហាញថា ពន្ធរបស់សហរដ្ឋអាមេរិកដែលដាក់មកលើចិននឹងមិនរួចខ្លួននោះទេ ហើយចិនទំនងជាយកចំណុចនេះទុកនិយាយក្នុងកិច្ចចរចា ដែលបានគ្រោងទុកនៅខែកញ្ញា។ បើមិនមានការរីកចម្រើនអ្វីទេ ពន្ធគយទាំងនេះអាចដំឡើងថ្លៃបច្ចេកវិទ្យាសម្រាប់លក់នៅអាមេរិក (ចំនួនដ៏ច្រើនត្រូវបានផលិតនៅចិន) និងធ្វើឱ្យប៉ះពាល់ដល់ការលក់រថយន្តអាមេរិកនៅចិន៕

អត្ថបទ៖ លីដា

Share This Post: