មេដឹកនាំក្រុងហុងកុងលោកស្រី Carrie Lam នឹងដកចេញនូវសេចក្ដីព្រាងច្បាប់បត្យាប័ន ដែលបានបង្កឱ្យមានចលាចលរាប់ខែមកនេះ
មេដឹកនាំក្រុងហុងកុងនិយាយថា អ្នកស្រីនឹងលុបចោលសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស ដែលបានបង្កឱ្យមានការតវ៉ាជាច្រើនខែកន្លងមកនេះ។ អ្នកស្រី Carrie Lam បានប្រកាសដកការធ្វើបត្យាប័ននៅក្នុងពេលថ្លែងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃពុធ។ គួរឱ្យដឹងដែរថា ប្រសិនបើច្បាប់បត្យាប័នត្រូវបានអនុម័ត វានឹងអនុញ្ញាតឱ្យជនសង្ស័យហុងកុងបញ្ជូនទៅចិនដីគោក ដើម្បីប្រឈមមុខនឹងការកាត់ក្តីនៅទីនោះ ហើយនេះជាមូលហេតុនាំឱ្យមានការតវ៉ាយ៉ាងខ្លាំង។ ភ្លាមៗបន្ទាប់ពីមានការតវ៉ាអ្នកស្រីធ្លាប់បាននិយាយថា គាត់នឹងព្យួរការធ្វើច្បាប់នេះ ហើយក្រោយមកទៀតគាត់បាននិយាយថា ច្បាប់នេះស្លាប់បាត់ហើយ។

ប៉ុន្តែទោះជាយ៉ាងណាក្រុមបាតុករគាត់មិនចង់ឱ្យមានត្រឹមតែការព្យួរនោះទេ គាត់ត្រូវការឱ្យលុបវាចេញតែម្ដង។ អ្នកស្រី Carrie Lam បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ខណៈពេលដែលការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលីសបង្ក្រាបកាន់តែខ្លាំងឡើងៗ។ ការដកសេចក្ដីព្រាងច្បាប់នេះ គ្រាន់តែជាការទាមទារសំខាន់មួយរបស់ពួកអ្នកតវ៉ាប៉ុណ្ណោះ។ ពួកគេក៏ចង់បានការស៊ើបអង្កេតឯករាជ្យមួយ អំពីរបៀបដែលប៉ូលីសដោះស្រាយភាពចលាចល ហើយបានអំពាវនាវឱ្យនាយកប្រតិបត្តិរូបនេះលាឈប់ពីតំណែងទៀតផង៕

អត្ថបទ៖ លីដា