ភ្លៀងធ្លាក់មួយមេធំ ធ្វើឲ្យសង្កាត់នានាក្នុងក្រុងព្រះសីហនុ ជន់លិចដោយជំនន់ទឹកភ្លៀងដ៏អាក្រក់ជាថ្មីម្តងទៀត
ក្រុងព្រះសីហនុ-តំបន់ទំនាប និងតំបន់ក្បែរអូរប្រឡាយ នៅតាមសង្កាត់នានាក្នុងក្រុងព្រះសីហនុ បានជន់លិចដោយជំនន់ទឹកភ្លៀងដ៏អាក្រក់ជាថ្មីម្តងទៀត នៅយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៤ ឆ្លងចូលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩ ក្រោយពេលមានភ្លៀងធ្លាក់មួយមេធំ ។ សេចក្តីរាយកាណ៍ពីប្រជាពលរដ្ឋ ក៍ដូចជាអាជ្ញាធរមូលដ្ឋានអោយដឹងថា មានផ្លូវថ្នល់សាធារណៈនិងលំនៅដ្ឋានពលរដ្ឋមួយចំនួន ទឹកបានជន់លិចហូរលើផ្លូវនិងហូរចូលដល់ក្នុងផ្ទះ ប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិខ្លះក្នុងនោះក៍មានកន្លែងខ្លះហូរច្រោះដីបាក់រលំរបងផ្ទះផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។
ភ្លាមៗ សមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ ប្រជាការពាររួមនិងអជ្ញាធរភូមិ សង្កាត់ក៍ត្រូវបានរដ្ឋបាលខេត្តនិងក្រុង ចាត់បញ្ជាអោយចេញកម្លាំង ពិនិត្យនិងជួយដោះស្រាយការងារចាំបាច់ជូនពលរដ្ឋតាមកន្លែងដែលមានទឹកជន់លិចខ្លាំង ក្នុងនោះអង្គភាពអគ្គិសនីខេត្ត ក៍បានសម្រេចបិទផ្អាកការផ្គត់ផ្គង់ចរន្តភ្លើងតាមតំបន់ដែលទឹកជន់លិចខ្លាំងផងដែរ ដើម្បីបង្ការខ្លាចមានគ្រោះថ្នាក់ដោយការឆ្លងចរន្តអគ្គិសនី ។ សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកព្រលឹមថ្ងៃ១៥កញ្ញាដដែលនេះ ភ្លៀងនៅតែបន្ត ធ្លាក់ក្នុងក្រុងព្រះសីហនុ មិនទាន់រាំងនៅឡើយ ៕ ប្រភពលោកពូ៖ Huy Bunleng








