ស្រ្តីម្នាក់ត្រូវបញ្ជូនទៅពេទ្យជាបន្ទាន់ ដោយសារតែទំលាប់ញ៉ាំហឹរច្រើនពេក
ម៉ាឡេស៊ី៖ ស្រ្តីដែលមានទម្លាប់ញ៉ាំអាហារមានរសជាតិហឹរខ្លាំងជាប្រចាំម្នាក់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ទាំងយប់ ក្រោយគាត់មានអាការក្រហាយទ្រូង ឈឺពោះ និងថប់ដង្ហើមស្ទើរស្លាប់។ ស្រ្តីរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយដោយគេគ្រាន់បញ្ជាក់ថា គាត់ជាស្រ្តីជនជាតិម៉ាឡេស៊ីបានរៀបការរួច និងមានកូនម្នាក់ផងដែរ។ ៣ ថ្ងៃមុនថ្ងៃកើហេតុស្រ្តីរងគ្រោះចេះតែមានអាការក្រហាយទ្រូង ឈឺពោះ និងថប់ដង្ហើមតែគាត់អាចទ្រាំបាន លុះដល់យប់កើតហេតុម៉ោងប្រមាណជា ២ និង ៤០ នាទីរំលងអាធ្រាតអាការរបស់គាត់ធ្ងន់ធ្ងរខ្លាំងរហូតប្តីរបស់គាត់សម្រេចបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ។

វេជ្ជបណ្ឌិតបានពន្យល់ថា ស្ត្រីរងគ្រោះបានញ៉ាំអាហារផ្តេសផ្តាសច្រើនរហូតកម្រិតជាតិអាស៊ីតក្នុងក្រពះកើនឡើងខ្លាំង ហើយបញ្ហានេះបានធ្វើមានជាតិអាស៊ីតយ៉ាងច្រើនបុកទៅកាន់ទ្រូង និងប្រព័ន្ធដង្ហើមរបស់គាត់ ទើបគាត់មានអាការក្រហាយទ្រូង និងពិបាកដកដង្ហើម ជាងនេះទៅទៀតវាក៏បានប៉ះពាល់ដល់ចុងព្រោះរៀនរបស់គាត់ផងដែរ។ ក្រោយពេលវេជ្ជបណ្ឌិតសាកសួរពីរបបអាហារប្រចាំថ្ងៃរបស់ស្រ្តីរងគ្រោះ គាត់បានប្រាប់ថា គាត់មានទម្លាប់ញ៉ាំអាហារមានរសជាតិហឹរជាប្រចាំ ពេលខ្លះហឹររហូតដល់ស្រកទឹកភ្នែកក៏មានដែរ។ ខាងវេជ្ជបណ្ឌិតបានណែនាំឲ្យស្រ្តីរងគ្រោះឈប់ញ៉ាំអាហារមានរសជាតិហឹរ និងបានផ្តល់អនុសាសន៍ថា មានកត្តាជាច្រើនទៀតដែលអាចបង្កឲ្យលោកអ្នកមានអាការដូចខាងលើនេះ ដូចជា៖
+ ទម្លាប់ញ៉ាំអាហារច្រើនជ្រុល
+ ញ៉ាំអាហារមិនទៀតទាត់
+ ទៅគេងភ្លាមក្រោយញ៉ាំអាហាររួច
+ ញ៉ាំអាហារហឹរខ្លាំង
+ មានបញ្ហាស្រេ្តសជាប្រចាំ៕
អត្ថបទ៖ ភក្តី

