ជ័យលាភីបាក់ឌុបនិទ្ទេស A ទាំង ៤៤៣នាក់ នឹងទទួលបាន iPad ម្នាក់មួយគ្រឿង នៅថ្ងៃទី០៧ ខែតុលា ខាងមុខនេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងផ្តល់ iPad ម្នាក់មួយគ្រឿង ដល់សិស្សនិទ្ទេស A ទាំង៤៤២នាក់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅ វិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ។ សូមបញ្ជាក់ថា លទ្ធផលមានសិស្សដែលប្រឡងជាប់និទ្ទេស A នៃការប្រឡងបាក់ឌុបឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់ ដោយ រាជធានីភ្នំពេញ១៤១នាក់ សៀមរាប៣៨នាក់ បាត់ដំបង៣២នាក់ តាកែវ២៩នាក់ កំពង់ចាម២៧នាក់ ព្រៃវែង២៧នាក់ បន្ទាយមានជ័យ ២៥នាក់ កណ្តាល២៣នាក់ កំពត២៣នាក់ ត្បូងឃ្មុំ១៥នាក់ កំពង់ធំ ១៤នាក់ ព្រះសីហនុ១៣នាក់ ស្វាយរៀង៨នាក់ ពោធិ៍សាត់៧នាក់ កំពង់ឆ្នាំង៦នាក់ កំពង់ស្ពឺ៦នាក់ ក្រចេះ ៤នាក់ រតនគិរី២នាក់ កោះកុង១នាក់ មណ្ឌលគិរី១នាក់ និងឧត្តរមានជ័យ១នាក់។
គួររំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន២៤៣០នាក់, និទ្ទេស C ចំនួន៥៨៤៧នាក់, និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕
