តារាសម្តែង និងពិធីករប្រចាំប៉ុស្តិ៍លេខ៣ថៃ លោក Hem Phoomphadit ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជម្ងឺបាក់ទឹកចិត្ត
កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ មានហេតុការណ៍ដ៏រន្ធត់គួរឲ្យភ្ញាក់ផ្អើលមួយត្រូវបានចែករំលែកពេញបណ្តាញសង្គម ក្រោយប៉ូលីសបានរកឃើញសាកសពតារាសម្តែងប្រុសរូបសង្ហា Hem Phoomphadit ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ខុនដូរបស់ខ្លួន។ មហាជនជាច្រើនបានសម្តែងក្តីសោកស្តាយ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែគ្រប់គ្នាហាក់សឹងតែមិនជឿរឿងដែលបានកើតឡើង និងមិននឹកស្មានថារូបគេគិតខ្លីបែបនេះឡើយ។
Hem Phoomphadit ជាតារាសម្តែង និងពិធីករមានកេរ្តិ៍ឈ្មោះល្បីមួយរូបប្រចាំប្រទេសថៃ ដោយបានប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេល១២ឆ្នាំមកហើយ សព្វថ្ងៃជាតារាជាប់កុងត្រារបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣។ តារាប្រុសរូបនេះធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងបញ្ហាផ្ទះជួល ដោយត្រូវបានគេចោទប្រកាន់ថាខ្លួនពុំបានបង់ថ្លៃផ្ទះ ទឹក ភ្លើង និងថែមទាំងបំផ្លាញទ្រព្យសម្បត្តិដូចជាទ្វាផ្ទះជាដើម។ តែក្រោយមករូបគេបានឆ្លើយបដិសេធ ដោយនិយាយថាគាត់បានបង់ថ្លៃផ្ទះយឺត តែពុំមែនមិនបង់នោះទេ ហើយក៏ពុំបានបំផ្លាញទ្រព្យសម្បត្តិដែរ ទ្វាផ្ឬះដែលបាក់បែកនោះគឺរូបគេពុំមែនជាអ្នកធ្វើនោះឡើយ។ រឿងភាគទូរទស្សន៍ចុងក្រោយដែលរូបគេសម្តែងគឺរឿង “ឡាយគិនណារី (ลายกินรี)” ដោយរួមសម្តែងជាមួយនឹង Yaya Urassaya និង Nadech Kugimiya ដោយត្រៀមចាក់បញ្ចាំងនាចុងឆ្នាំ២០១៩នេះ។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ រូបគេត្រូវបានប៉ូលីសរកឃើញថាចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ខុនដូ ដែលជាហេតុធ្វើឲ្យគ្រប់គ្នាស្លុតចិត្តជាខ្លាំង ជាពិសេសចំពោះមិត្តស្រីរបស់គាត់។ តាមរយៈប្រភពមិត្តស្រីរបស់គាត់បានឲ្យដឹងថា៖ «មួយរយៈក្រោយនេះគាត់ក្លាយជាមនុស្សមានជម្ងឺបាក់ទឹកចិត្ត ក្រៀមក្រំចម្លែក អាចមកពីបញ្ហាហិរញ្ញវត្ថុ។ ខ្ញុំបានឃើញគាត់បង្ហោះសារសោកសៅនៅក្នុងបណ្តាញសង្គមញឹកញាប់ តែពុំគិតថាគាត់គិតខ្លីនោះឡើយ»។ យ៉ាងណាមិញមហាជន ព្រមទាំងតារារួមអាជីពដែលជាមិត្តភក្តិ និងក្រុមគ្រួសារមានការសោកស្តាយជាខ្លាំងចំពោះរូបគេ៕








