តាមពិតក្រុមសិស្សសាលាថៃនាំគ្នាពាក់មួកសុវត្ថិភាពពេលប្រលង មិនមែនកុំឲ្យលួចចំលងគ្នាឡើយ គឺក្រោយហេតុផលគួរឲ្យគោរពមួយនេះ
ថៃ៖ កាលពីពេលថ្មីៗនេះមានរូបភាពជាច្រើនសន្លឹក ដែលបង្ហាញថា មានសិស្សសាលាថៃជាច្រើននាក់នាំគ្នាពាក់មួយសុវត្ថិភាពពេលប្រលងត្រូវបានគេបង្ហោះពេញបណ្តាញសង្គម Facebook។ តាមរយៈរូបភាពទាំងនោះបានធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនគិតថា វាគឺជាវិធីការពារកុំឲ្យសិស្សលួចមើលគ្នាពេលប្រលង ហើយអ្នកខ្លះថែមទាំងបានរិះគន់ចំពោះសកម្មភាពរបស់សិស្សទាំងនោះទៀតផង។ យ៉ាងណាក្តី ពេលនេះមានការបកស្រាយជាផ្លូវការហើយជុំវិញរឿងសម្រូងចម្រាសនៅក្នុងបណ្តាញសង្គមមួយនេះ។ យោងតាមសារព័ត៌មានបរទេសបានរាយការណ៍ថា សកម្មភាពសិស្សសាលាពាក់មួកពេលប្រលងនោះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា Rajamangala ក្នុងក្រុងបាងកក ប្រទេសថៃ តែវាមិនមែនជាវិធីការពារមិនឲ្យសិស្សលួចមើលគ្នាពេលប្រលងនោះទេ។
ការដែលឲ្យសិស្សពាក់មួកសុវត្ថិភាពទាំងអស់គ្នានោះគឺជាផ្នែកមួយនៃយុទ្ធនាការ “100% Helmet AIT RMUTI” ដែលជាយុទ្ធនាការជំរុញ និងលើកទឹកចិត្តឲ្យក្រុមសិស្សសាលា និងមហាជនទូទៅត្រូវតែពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ។ ក្រុមសិស្សសាលាដែលពួកសុវត្ថិភាពនោះគ្រាន់តែពាក់មួក ១៥ នាទី ដើម្បីទាញការចាប់អារម្មណ៍ និងថតរូបទុកប៉ុណ្ណោះ តែពួកគេមិនមែនពាក់ពេញម៉ោងប្រលងនោះទេ។ សូមបញ្ជាក់ថា អ្នកជិះកង់មួយចំនួនមិនបានពាក់ពួកសុវត្ថិភាពនោះទេ ព្រោះវាមិនមែនជាការកំណត់ដោយច្បាប់ ហេតុនេះហើយទើបគេរៀបចំយុទ្ធនាការខាងលើនេះដើម្បីលើកទឹកចិត្តឲ្យក្រុមអ្នកជិះកង់ត្រូវតែពាក់មួកសុវត្ថិភាពដូចពេលពួកគេជិះម៉ូតូអីចឹងដែរ៕

អត្ថបទ៖ ភក្តី
