បណ្តេញជនជាតិចិនជាង១០០នាក់ទៅស្រុកវិញ ក្នុងនោះមានចិន៧នាក់ត្រូវបានហាមមិនឲ្យចូលកម្ពុជារយៈពេល០៣ឆ្នាំ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានសហការជាមួយប៉ុស្តិ៍ច្រកទ្វារអាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ១១៦នាក់។ នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនទាំង ១១៦នាក់ ស្រី ២៩នាក់ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំ ឆបោកតាមប្រពន្ធ័ទូរគមនាគមន៍ ( VOIP) តាមយន្តហោះពិសេសចំនួន ០២គ្រឿង ដោយមានការចូលរួមពី កម្លាំងសមត្ថកិច្ចរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមច្បាប់នៅប្រទេសចិន។
ហើយកាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានព្រះសីហនុ បានសហការជាមួយ កម្លាំងនគរបាលទីស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានធ្វើការបណ្តេញជនជាតិចិនចំនួន ០៧នាក់ចេញពីព្រះរាជាណាចក្រកម្ពុជា ដោយជនជាតិចិនទាំងនោះមានឈ្មោះ៖
ទី១- ឈ្មោះ LIN XIANG HONG ភេទប្រុស អាយុ ២៣ឆ្នាំ
ទី២- ឈ្មោះ CHEN WENBIN ភេទប្រុស អាយុ ២២ឆ្នាំ
ទី៣- ឈ្មោះ WU QIANG ភេទប្រុស អាយុ ៣៧ឆ្នាំ
ទី៤- ឈ្មោះ LIN JIANMIN ភេទប្រុស អាយុ ៣១ឆ្នាំ
ទី៥- ឈ្មោះ CHEN FENHUI ភេទប្រុស អាយុ ២៩ឆ្នាំ
ទី៦- ឈ្មោះ YE YAOXIN ភេទប្រុស អាយុ ២៧ឆ្នាំ
ទី ៧- ឈ្មោះ GUAN DEJIN ភេទប្រុស អាយុ ២៩ឆ្នាំ
ជនជាតិចិនទាំង៧នាក់នេះបានទទួលពីនាយកដ្ឋានកណ្តាលសន្តិសុខ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំឆបោក តាមប្រព័ន្ធទូរគមនាគមន៍។ ជនជាតិចិនទាំង ០៧ នាក់ខាងលើ បានបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ QD712 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមមិនឲ្យចូលប្រទេសកម្ពុជាវិញរយៈពេល ០៣ឆ្នាំទៀតផង៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍










