ប៉ូលីសហុងកុងបានបាញ់កាំភ្លើងចំទ្រូងអ្នកតវ៉ាម្នាក់ នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងក្រុមប៉ូលីសកាលម្សិលមិញនេះ
មេប៉ូលីសហុងកុងនិយាយថា ក្រុមមន្រ្តីបានបាញ់គ្រាប់កាំភ្លើងពិតសរុបចំនួន ៦គ្រាប់ នៅទីតាំងចំនួន ៤ ខណៈដែលពួកគេបានប៉ះទង្គិចជាមួយក្រុមបាតុករកាលពីថ្ងៃអង្គារ។ ស្នងការប៉ូលីសលោក Stephen Lo បានធ្វើសន្និសិទកាសែតភ្លាម ប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីម្នាក់បានបាញ់ទៅលើនិស្សិតអាយុ ១៨ឆ្នាំ ដែលចូលរួមក្នុងបាតុកម្ម។ លោកបាននិយាយថា និស្សិតរូបនោះបានដឹងខ្លួននៅពេលដែលគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែពួកគេមិនបានដឹងអំពីស្ថានភាពរបស់ជនរងគ្រោះនៅពេលនេះទេ។

លោកស្នងការបាននិយាយថា មន្រ្តីបានប្រាប់ក្រុមអ្នកតវ៉ាឱ្យឈប់វាយប្រហារប៉ូលីស ប៉ុន្តែពួកគេបានព្រងើយកន្តើយមិនព្រមស្ដាប់។ ប៉ូលីសបានបាញ់កាំភ្លើងពីព្រោះគាត់ក៏កំពុងការពារជីវិតខ្លួន ហើយការសម្រេចចិត្តរបស់មន្រ្តីប៉ូលីសគឺស្របច្បាប់។ កាលពីម្សិលមិញនេះក្រុមអ្នកតវ៉ាជាង ១៨០នាក់ ត្រូវបានចាប់ខ្លួនពីបទ ចូលរួមក្នុងការប្រមូលផ្តុំ ឬបានដុតភ្លើងខុសច្បាប់។ ចំណែករដ្ឋាភិបាលហុងកុងក៏បានឱ្យដឹងដែរថា យ៉ាងហោចណាស់មនុស្ស ៧៤នាក់ បានរងរបួសកាលពីថ្ងៃអង្គារ និងពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕



អត្ថបទ៖ លីដា