ក្រសួងទេសចរណ៍ថៃ គ្រោងជះលុយ១១៦លានបាត ដើម្បីធ្វើប្រម៉ូសិនទាញភ្ញៀវទេចរណ៍ក្នុងចុងឆ្នាំ២០១៩នេះ
ក្នុងឆ្នាំ២០១៩នេះ យើងសង្កេតឃើញថាប្រទេសថៃហាក់យកចិត្តទុកដាក់លើវិស័យទេសចរណ៍ជាខ្លាំង ដោយក្រៅពីការរៀបចំកម្មវិធីទាក់ទាញទេសចរណ៍ ពួកគេក៏បានពង្រឹងលើប្រពន្ធផ្សព្វផ្សាយជាច្រើនដូចជា ផ្តល់ឱកាសឲ្យផលិតករផលិតភាពយន្តមកផ្តិតយកទិដ្ឋភាពនៅក្នុងប្រទេសខ្លួនជាមួយតម្លៃសមរម្យ ការលើកលែងទិដ្ឋការចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ និងការលើកទឹកចិត្តប្រជាជនថៃផ្ទាល់ឲ្យធ្វើដំណើរកម្សាន្តក្នុងឱកាសផ្សេងៗ។
យោងតាមប្រភពលោក ភិផាត់ រ័ច្ឆាគីតប្រាកាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបានចេញប្រកាសថា រាជរដ្ឋាភិបាលថៃនិងចំណាយទឹកប្រាក់ចំនួន ១១៦លានបាត វិនិយោគលើវិស័យទេសចរណ៍ត្រូវបានចែកចេញ២វិធានការណ៍៖
វិធានការណ៍ទី១ គឺការចំណាយប្រាក់១០០បាតធ្វើដំណើរកម្សាន្ត ដោយអាចចំណាយប្រាក់ក្នុងគម្រោងមួយនេះចំនួន ៦៣ លានបាត ដើម្បីសហការណ៍ជាមួយបណ្តាក្រុមហ៊ុនទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសសម្រាប់ការផ្សព្វផ្សាយ សណ្ឋាគារ ផ្ទះសំណាក់ ស្ប៉ា និងភោជនីយដ្ឋានផ្សេងៗ ដោយរៀបចំការលក់ផលិតផលទេសចរណ៍ទៅកាន់ភ្ញៀវដែលមកកម្សាន្តក្នុងតម្លៃត្រឹមតែ១០០បាត ឲ្យបាន ៤០,០០០ កញ្ចប់ ក្នុងចន្លោះខែតុលា ដល់ខែធ្នូ ខាងមុខនេះ។ តែគម្រោងមួយនេះនឹងត្រូវកាន់កាប់ដោយក្រសួងទេសចរណ៍ថៃ ក្នុងការរក្សាសិទ្ធលក់កញ្ចប់ផលិតផលទៅកាន់ភ្ញៀវទេសចរណ៍ ដោយក្នុង១នាក់ អាចទិញបានតែ១កញ្ចប់ប៉ុណ្ណោះ។
វិធានការណ៍ទី២ គឺថ្ងៃធម្មតាតម្លៃធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយគ្រោងការមួយនេះអាចនឹងចំណាយទឹកប្រាក់ចំនួន ៥៣ លានបាត ដោយគ្រោងការមួយនេះនាំឲ្យភ្ញៀវប្រើប្រាស់ផលិតផលបែបប្រណិត ឬ Luxury។ រាជរដ្ឋាភិបាលនឹងធ្វើសហការណ៍ជាមួយគ្រប់បណ្តាសណ្ឋាគារ ផ្ទះសំណាក់ ស្ប៉ា ភោជនីយដ្ឋាន ហាងលក់គ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍ ដោយដាក់លក់ផលិតផលទាំងអស់ក្នុងតម្លៃពិសេសមិនធ្លាប់មានពីមុន នៅក្នុងថ្ងៃនៃសប្តាហ៍ពីចន្ទ ដល់សុក្រ។ ដោយការផ្សព្វផ្សាយចំពោះគម្រោងមួយនេះនឹងត្រូវប្រគល់ឲ្យខាងវេបសាយ និង Mobile Platform ព្រមជាមួយអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយលើបណ្តាញអ៊ីនធឺណេតជាអ្នកកាន់កាប់។
ចំពោះវិធានការណ៍ទាំងពីនេះអាចនឹងអនុវត្តចែកចេញជាបី ដោយក្នុងខែ១០ និងមានប្រម៉ូសិនចំនួន១០ថ្ងៃ ខែ១១ ចំនួន ១១ថ្ងៃ និងខែ១២ ចំនួន១២ថ្ងៃ ដើម្បីជំរុញការលក់នេះឲ្យបានសម្រេចដល់គោលដៅនៅក្នុងចុងឆ្នាំ២០១៩នេះ៕







