ស្ត្រីម្នាក់ចាប់សត្វល្អិតយកមកចម្អិន ក្មួយថាល្វីងណាស់ តែគាត់ថាឆ្ងាញ់ ហូបរហូតពុលក្អួតមកសុទ្ធតែឈាម ស្លាប់យ៉ាងអាណោចអាធ័ម
បាត់ដំបង៖ ស្ត្រីម្នាក់ចាប់សត្វល្អិតយកមកចម្អិនរួចបរិភោគ បណ្តាលឲ្យពុលស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ជនរងគ្រោះមានឈ្មោះ គីម សាគី អាយុ ៤១ ឆ្នាំ និង មានស្វាមីឈ្មោះ រុណ សម្បត្តិ អ្នកទាំង២ជាពលករធ្វើការនៅប្រទេសថៃ ដោយមានកូននៅក្នុងបន្ទុកចំនួន ២ នាក់។
សភាពហេតុនៃរឿងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ស្ត្រីរងគ្រោះបានទៅបេះស្លឹកអង្គាដីមកស្លរបានឃើញសត្វជាច្រើនបានចោមរោមនៅទីនោះក៏ចាប់សត្វទាំងនេះមកចម្អិនហើយនាំក្មួយបរិភោគ ក្មួយបរិភោគហើយក៏ប្រាប់ថា សត្វនេះល្វីងណាស់ តែជនរងគ្រោះឆ្លើយថាមានអីឆ្ងាញ់តើ ហើយក៏ចេះតែបរិភោគបន្តទៀត ប៉ុន្តែក្មួយរបស់គាត់ ញុាំខ្ជាក់ៗ ដោយមិនបានលេបចូលក្នុងពោះនោះទេ។ ក្រោយពីបរិភោគរួចមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ស្របពេលប្តីក៏មកដល់ បានដឹងរឿងហើយក៏ប្រញាប់ជូនប្រពន្ធទៅពេទ្យភ្លាម។ ពេលទៅដល់ពេទ្យស្ត្រីរងគ្រោះបានក្អួតមកសុទ្ធតែឈាម និងរលាកស្លោកក្រអោមមាត់ និងអណ្តាតរបកមកជាដុំៗ និងឡើងជាំ ពេទ្យបានប្រាប់ថាហួសពេលបាត់ទៅហើយ ព្រោះពិសចូលពេញបេះដូង ទោះបីដាក់ថ្នាំក៏អត់មានប្រសិទ្ធិភាពដែរ ក្រោយមកស្ត្រីជាជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណី៕




ប្រភព៖ Som Hok