លោក ដូណាល់ ត្រាំ មានប្រតិកម្មតបតយ៉ាងខ្លាំងទៅកាន់ពួកប្រជាធិបតេយ្យ ជុំវិញរឿងនីតិវិធីចង់ទម្លាក់លោកពីតំណែងប្រធានាធិបតី
ការតតាំងគ្នាជុំវិញ “នីតិវិធីចោទប្រកាន់” (impeachment) ដើម្បីទម្លាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងតែកាន់តែក្ដៅឡើងៗ។ ខណៈពេលដែលពួកប្រជាធិបតេយ្យកំពុងបង្ហាញពីជំហានបន្ទាប់របស់ពួកគេ លោក ដូណាល់ ត្រាំ ក៏កំពុងបង្ហាញនូវប្រតិកម្មយ៉ាងខ្លាំងទៅវិញផងដែរ។ តួយ៉ាងប្រធានាធិបតីអាមេរិករូបនេះបានឆ្លើយតបទៅនឹងទង្វើរបស់ក្រុមប្រជាធិបតេយ្យ ដោយវាយប្រហារចំៗទៅលើប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់លោក Adam Schiff ថា៖ “វាជារឿងប្រតិដ្ឋឡើងទាំងអស់។ គាត់ (Adam Schiff) គួរតែចុះចេញពីតំណែងទាំងភាពអាម៉ាស់ ហើយនិយាយឱ្យត្រង់ទៅចុះ ពួកគេគួរតែមើលឃើញថាគាត់ជាមនុស្សក្បត់ជាតិ” ។

ថ្វីបើលោក ដូណាល់ ត្រាំ មានប្រតិកម្មយ៉ាងខ្លាំងចំពោះរឿងនេះ លោកនឹងសហការជាមួយសំណើរបស់អ្នកប្រជាធិបតេយ្យ សម្រាប់ព័ត៌មានដែលពួកគេចង់សាកសួរ។ ចំណែកថ្មីៗនេះវិញក្រុមប្រជាធិបតេយ្យក៏នឹងត្រៀមខ្លួន ដើម្បីទាមទាររកឯកសារដែលទាក់ទងនឹងរដ្ឋបាលរបស់លោក ត្រាំ ជាមួយអ៊ុយក្រែនផងដែរ។ ពួកគេចោទថាលោក ដូណាល់ ត្រាំ បានយកការការទូតដាក់សម្ពាធលើអ៊ុយក្រែនឱ្យចូលមកខាងខ្លួន ដើម្បីមួលបង្កាច់លោក Joe Biden និងកូនប្រុស។ ប៉ុន្តែយ៉ាងណាក៏ដោយលោក ដូណាល់ ត្រាំ បានច្រានចោលនូវការចោទប្រកាន់រឿងដាក់សម្ពាធលើអ៊ុយក្រែន ប៉ុន្តែលោកនៅតែអះអាងថា លោក Joe Biden បានប្រើអំណាចខ្លួនដើម្បីការពារកំហុសកូនប្រុស៕

អត្ថបទ៖ លីដា